កំពត ÷ ភ្លើងបានឆាបឆេះនៅចំណុចជើងភ្នំបូកគោ ស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពតតាំងពីរសៀលរហូតដល់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ដោយបំផ្លាញព្រៃឈើ អស់ជាង៤០ហិកតា រួមទាំងដំណាំពលរដ្ខខ្លះផង។
តាមរបាយការណ៍ពីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អណ្តូងខ្មែរបានបញ្ជាក់ថា កាលពីវេលាម៉ោង១ និង១០នាទីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ មានករណីភ្លើងឆេះព្រៃត្រង់ចំណុចជើងភ្នំបូកគោក្នុងដែនឧទ្យានជាតិព្រះមុនីវង្ស ស្ថិតនៅភូមិអូរតូច សង្កាត់អណ្ដូងខ្មែរដោយមិនដឹងពីមូលហេតុ។ រហូតដល់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមីនា ត្រង់កន្លែងខ្លះបានរលត់ដោយឯកឯង។ រីឯនៅក្បែរព្រំចម្ការរបស់ប្រជាពលរដ្ឋគឺកម្លាំងប៉ុស្តិ៍ និងប្រជាការពារបានសហការគ្នាពន្លត់រហូតដល់យប់ជ្រៅទើបស្ងប់ស្ងាត់ទៅវិញ។ របាយការណ៍បានបញ្ជាក់ទៀតថា ទោះបីមិនមាននរណាម្នាក់រងគ្រោះថ្នាក់ក្តី តែការឆាបឆេះព្រៃអស់ប្រមាណជាង៤០ហិកតានេះបានបណ្តាលឱ្យខូចខាតដំណាំស្វាយប្រជាពលរដ្ឋរាប់សិបដើម និងចេកអស់ជាង១០០គុម្ព ព្រមទាំងទុយោទឹកមួយចំនួនទៀត។
ពាក់ព័ន្ធហេតុការណ៍ខាងលើ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានបញ្ជាក់ថា ទីតាំងដែលរងការឆាបឆេះនោះមិនមានផ្លូវសម្រាប់រថយន្តពន្លត់អគ្គីភ័យឡើងទៅដល់ទេ។ ប៉ុន្តែកម្លាំងជំនាញ និងរថយន្តបានម្ចាស់ការដោយត្រៀមជានិច្ចដើម្បីការពារលំនៅស្ថានរបស់ប្រជាពលរដ្ឋនៅតាមជើងភ្នំ។
មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពតបានបញ្ជាក់ថា ពេលនេះ មន្ត្រីឧទ្យានជាតិព្រះមុនីវង្សបូកគោកំពុងបន្តស្រាវជ្រាវអំពីដើមហេតុនៃការឆាបឆេះព្រៃនៅចំណុចភុមិអូរតូចនោះដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
តាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា៦០ បានចែងថា " ជនណាដែលបានប្រព្រឹត្តបទល្មើស ធ្វេសប្រហែសបង្កឱ្យមានភ្លើងឆេះព្រៃត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និង/ ឬទោសពិន័យជាប្រាក់ពី១.៥០០.០០០រៀលដល់១៥.០០០.០០០រៀល " ៕ ដោយ ៖ សារីម









