សៀមរាប ៖ ក្រុមអាជីវករលក់ដូរ នៅតាមស្ដងពិព័រណ៌ បានសម្ដែងការសប្បាយរីករាយ ខណៈដែលការលក់ដូរទំនិញអាហាររបស់គាត់ ទទួលបានការគាំទ្រពីភ្ញៀវទេសចរ ក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្ដសៀមរាប ដែលធ្វើឱ្យពួកគាត់ទទួលបានប្រាក់ចំណូលខ្ពស់ ។ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ក្រោមប្រធានបទ ទន្លេដើម្បីសន្ដិភាព និងការអភិវឌ្ឍ ដែលបានចាប់ផ្ដើមចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៤នេះ។
ក្រុមអាជីវករ បានឱ្យដឹងស្រដៀងគ្នាថា ព្រឹត្ដិការណ៍ដ៍អស្ចារ្យមួយនេះ មានអ្នកទេសចរជាតិ និងអន្ដរជាតិទៅកំសាន្ដជាច្រើនកុះករ ដែលធ្វើឱ្យការលក់ទំនិញ និងចំណីអាហាររបស់អាជីវករ នៅតាមស្ដង់តាមដងស្ទឹងសៀមរាប មានអតិថិជនគាំទ្រច្រើន ដោយពួកគាត់អាចរកចំណូលបានប្រមាណ៤០ម៉ឺនទៅមួយលានរៀលឬច្រើនលើសពីនោះ ទៅតាមមុខទំនិញ និងអាហារនិមួយៗ របស់អាជីវករ។ក្រុមអាជីវករ បានលើកឡើងថា ការបង្កើតព្រឹត្ដិការណ៍បុណ្យទន្លេនេះ មិនត្រឹមតែធ្វើឱ្យមានការទាញ់ទាញអ្នកទេសចរប៉ុណ្ណោះទេ ថែមទាំងប្រជាពលរដ្ឋអាចរកចំណូលក្នុងក្រុមគ្រួសារផងដែរ ហើយអាជីវករខ្លះយកប្រាក់ចំណេញយកទៅជួយប្រជាពលរដ្ឋ និងសិស្សក្រីក្រផងដែរ។ជាមួយគ្នានោះ ការលក់ដូរផលិតផលរបស់ខ្មែរ ក៍ដូចជានាំចូលពីបរទេស មានអនាម័យល្អ និងមានការគាំទ្រច្រើនពីប្រជាពលរដ្ឋខ្មែរ។
បើយោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់ទី១៦ខែមីនា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរជាតិនិងអន្ដរជាតិប្រមាណជាង៤៥ម៉ឺននាក់ ដោយនៅថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤ មានប្រមាណជាង១៦ម៉ឺននាក់ ។នៅថ្ងៃទី១៦ខែមីនាឆ្នាំ២០២៤មានភ្ញៀវទេសចរណ៍ប្រមាណជាង២៩ម៉ឺនាក់៕ ដោយ ៖ សាវី





