រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប៊្លីនខិន (Antony Blinken) បានទៅដល់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យនេះ ក្នុងការធ្វើដំណើររយៈពេលខ្លីលើកទី១ នៅអាស៊ីរួមទាំងប្រទេសហ្វីលីពីនផងដែរ ខណៈដែលទីក្រុងវ៉ាស៊ីនតោន កំពុងប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តសំខាន់ៗ ក្នុងតំ បន់។
លោកប្ល៊ីនខិន បានចុះចតនៅរសៀលថ្ងៃអាទិត្យ មុនកិច្ចប្រជុំកំពូលលើកទី៣ សម្រាប់លទ្ធិប្រជាធិបតេយ្យនៅថ្ងៃចន្ទ ដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន (Joe Biden) ដែលទីក្រុងសេអ៊ូល កំពុងធ្វើជាម្ចាស់ផ្ទះ ក្នុងសប្តាហ៍នេះ។
មុនពេលទៅដល់ទីក្រុងសេអ៊ូល លោកប៊ីនខិន បានឈប់សម្រាកនៅប្រទេសបារ៉ែន ជាកន្លែងដែលលោក បាននិយាយទៅកាន់ព្រះមហាក្សត្រ Hamad bin Isa Al-Khalifa អំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា។
កិច្ចប្រជុំកំពូល ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា នឹងមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងសមាជិកសង្គមស៊ីវិល។
ទីក្រុងសេអ៊ូល គឺជាសម្ព័ន្ធមិត្តក្នុងតំបន់ដ៏សំខាន់មួយរបស់ទីក្រុងវ៉ាស៊ីនតោន ហើយសហរដ្ឋអាមេរិក បានដាក់ទាហានប្រហែល២៧.000នាក់ឲ្យឈរជើង នៅភាគខាងត្បូង ដើម្បីជួយការពារប្រឆាំងនឹងកូរ៉េខាងជើងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរនេះ។
ប្រធានាធិបតីអភិរក្សនិយមរបស់ទីក្រុងសេអ៊ូល លោក Yoon Suk Yeol បានបង្កើនទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ហើយបានព្យាយាមកប់ចោលនូវស្លាកស្នាមប្រវតិ្តសាស្រ្តជាមួយនឹងអតីតមហាអំណាចអាណានិគមគឺប្រទេសជប៉ុន ដើម្បីការពារកាន់តែប្រសើរឡើងចំពោះការគំរាមកំហែងរបស់ក្រុងព្យុងយ៉ាង។

