លោក Vladimir Putin នឹងប្រកាសការកាន់តំណែងជាប្រធានាធិបតីអាណត្តិទី ៥ របស់លោកក្រោយឈ្នះការបោះឆ្នោតដ៏ច្រើនលើសលុបលើបេក្ខជនបីនាក់ផ្សេងទៀត ដែលសុទ្ធតែបោះត្រាដោយវិមានក្រឹមឡាំង (Kremlin)។

ប៉ុន្តែនៅពេលក្រុមមន្ត្រីបោះឆ្នោតបាននិយាយថាលទ្ធផលផ្តល់ឱ្យលោកច្រើនជាង ៨៧% នៃសន្លឹកឆ្នោត លោកបាននិយាយថាលទ្ធិប្រជាធិបតេយ្យរបស់រុស្ស៊ីមានតម្លាភាពជាងប្រទេសជាច្រើនទៀតនៅលោកខាងលិច។តាមពិត គ្មានបេក្ខជនបក្សប្រឆាំងណាមួយ ដែលអាចជឿទុកចិត្តបានថា ត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះនោះទេ។
ក្រុមអ្នករិះគន់លោក Putin ពាក់ព័ន្ធការស្លាប់របស់ លោក Alexei Navalny បានធ្វើបាតុកម្មជានិមិត្តរូប។
គំនិតផ្តួចផ្តើមដែលមានឈ្មោះថា "ថ្ងៃត្រង់ទល់នឹងពូទីន" "Noon against Putin" របស់ពួកគេមានន័យថា ជួរដ៏វែងនៃអ្នកបោះឆ្នោតបានចេញទៅបោះឆ្នោតនៅក្នុងទីក្រុងនានារបស់រុស្ស៊ី រួមទាំងទីក្រុងមូស្គូ និងសេន ពីទ័រស្បើក និងនៅខាងក្រៅស្ថានទូតជាច្រើននៅបរទេស ប៉ុន្តែមិនដែលប៉ះពាល់អ្វីដល់លទ្ធផលនោះទេ។ ក្រុមឃ្លាំមើល OVD-Info បាននិយាយថាយ៉ាងហោចណាស់ជនជាតិរុស្ស៊ី ៨០ នាក់ត្រូវបានចាប់ខ្លួន។ មិនមានការវាយប្រហារជាបន្តបន្ទាប់លើការិយាល័យបោះឆ្នោតមួយចំនួនដែលបានកើតឡើងកាលពីថ្ងៃសុក្រនោះទេ។

ប្រទេសលោកខាងលិចបានរួមគ្នាថ្កោលទោសការបោះឆ្នោតថា មិនសេរី ឬយុត្តិធម៌។ ប្រទេសអាល្លឺម៉ង់បានហៅថាជា "ការបោះឆ្នោតក្លែងក្លាយ" ក្រោមការគ្រប់គ្រងបែបផ្តាច់ការ ដែលពឹងផ្អែកលើការ ការគាបសង្កត់ និងអំពើហិង្សា។
ប្រជាជនរុស្ស៊ី មានពេលបីថ្ងៃដើម្បីបោះឆ្នោត ហើយប្រជាជននៅតំបន់ដែលកាន់កាប់ដោយរុស្ស៊ីនៃអ៊ុយក្រែនមានពេលយូរជាងនេះ ក្នុងការប៉ុនប៉ងបញ្ចុះបញ្ចូលអ្នកស្រុកឱ្យចូលរួម។
មន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងទីក្រុង ប៊រឌីយ៉ានស៍ (Berdyansk) ដែលកាន់កាប់ដោយរុស្ស៊ីកាលពីថ្ងៃអាទិត្យ ហើយអ្នកស្រុកនិយាយអំពីអ្នកសហការគាំទ្ររុស្ស៊ី ធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយជាមួយនឹងប្រអប់សន្លឹកឆ្នោតដែលអមដោយទាហានប្រដាប់អាវុធ៕