ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអាទិត្យ (១៧ មីនា) ថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចង់គ្រប់គ្រងប្រទេសរុស្ស៊ីជារៀងរហូត ហើយការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី គឺជាការក្លែងបន្លំខុសច្បាប់។

លោក ហ្ស៊េឡិនស្គី បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូនៅពេលយប់របស់ខ្លួនថា «មេដឹកនាំផ្តាច់ការរុស្ស៊ី កំពុងក្លែងធ្វើការបោះឆ្នោតមួយផ្សេងទៀត ហើយលោក ពូទីន ដែលស្រេកឃ្លានអំណាច កំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីគ្រប់គ្រងជារៀងរហូត»។

លោកបានបន្ថែមថា «មិនមានភាពស្របច្បាប់ក្នុងការបោះឆ្នោតក្លែងក្លាយនេះទេ ហើយបុគ្គលនេះគួរតែត្រូវកាត់ទោសនៅតុលាការទីក្រុងឡាអេ»។

ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានឈ្នះឆ្នោតក្នុងសំឡេងគាំទ្រជាង ៨៧ ភាគរយ ដែលនោះជាលទ្ធផលដ៏លើសលប់ក្រោយសម័យសូវៀតនៅក្នុងការបោះឆ្នោតរបស់រុស្ស៊ី កាលពីថ្ងៃអាទិត្យ ដោយបានពង្រឹងការក្តាប់អំណាចយ៉ាងតឹងរ៉ឹងរបស់ខ្លួនរួចទៅហើយនេះបន្ថែមទៀត នៅក្នុងជ័យជម្នះដែលលោក ពូទីន បាននិយាយថា ទីក្រុងមូស្គូ មានភាពត្រឹមត្រូវក្នុងការក្រោកឈរឡើងប្រឆាំងលោកខាងលិច និងក្នុងការបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅលុកលុយក្នុងប្រទេសអ៊ុយក្រែន៕