ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបន្តអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមគ្រូពេទ្យយោធា ត្រូវធ្វើការរួមគ្នាឲ្យកាន់តែស្អិតរមួតបន្ថែមទៀត ក្នុងការទប់ស្កាត់ និងបង្ការនូវជំងឺកូវីដ១៩ ខណៈជំងឺដ៏កាចសាហាវមួយនេះ បានកំពុងយាយីយ៉ាងខ្លាំងនៅប្រទេសកម្ពុជា រហូតបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋបាត់បង់ជីវិត រាប់រយនាក់ក្នុងរយៈពេលប៉ុន្មានខែមកនេះ។
ថ្លែងតាមរយៈសាអេឡិចត្រូនិច(តេលេក្រាម) កាលពីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនាទៀ បាញ់ បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ទាំងពិភពលោកក៏ដូចជាប្រទេសកម្ពុជាយើងទាំងមូលបានកំពុងផ្ទុះឡើងយ៉ាងខ្លាំងនូវជំងឺកូវីដ១៩នេះ ដូច្នេះក្នុងនាមយើងជាក្រុមគ្រូពេទ្យ គប្បីត្រូវបង្កើនសកម្មភាពរួមគ្នាបន្ថែមទៀតជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដោយត្រូវបន្តធ្វើការចាក់វ៉ាក់សាំងជូនពួកគាត់ឲ្យបានឆាប់រហ័សស្របទៅតាមគោលដៅដែលរាជរដ្ឋាភិបាលបានដាក់ជាបន្តបន្ទាប់នោះ។
សម្តេចពិជ័យសេនា ទៀ បាញ់បានបញ្ជាក់ថា«យើងត្រូវតែរួមគ្នាធ្វើសង្រ្គាមជាមួយជំងឺកូវីដ១៩នេះទាំងនេះ សុទ្ធជាបញ្ហាដែលយើងបានឃើញទាំងអស់គ្នាហើយ ដូច្នេះយើងត្រូវតែបំពេញដោយភាពស្មោះស្ម័គ្រ ត្រូវយកចិត្តទុកដាក់ និងបង្កើនការទទួលខុសត្រូវខ្ពង់ខ្ពស់បំផុតពីគ្រប់កន្លែងទាំងអស់ឲ្យបានដិតដល់ព្រមៗគ្នា ដើម្បីឲ្យក្លាយទៅជាកម្លាំងមួយនាំវ៉ាក់សាំងរបស់យើងយកទៅបញ្ជ្រាប នូវរាំងកាយមនុស្សឲ្យបានមួយចំនួនណា ស្របទៅតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះ»។
ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនាទៀ បាញ់ ក៏បានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យទាំងអស់មិនត្រូវយកកម្រៃពីបងប្អូនប្រជាពលរដ្ឋនោះឡើយពេលដែលធ្វើការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនោះ ខណៈពេលនេះគឺជាពេលដែលយើងត្រូវសាមគ្គីគ្នាជួយស្រោចស្រង់អាយុជីវិតរបស់បងប្អូនពលរដ្ឋខ្មែរ ដែលពួកគាត់កំពុងមានទុក្ខធុរៈយ៉ាងខ្លាំងដោយសារតែបញ្ហាមេរោគកូវីដ១៩នេះ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមគ្រូពេទ្យក្រសួងការពារជាតិ សម្រេចបានចំនួនសរុប ២,១៨៤,៩២៧នាក់ហើយ ខណៈយុទ្ធនាការនេះ បានកំពុងបន្តទៀតនៅតាមបណ្តាខេត្តនានា ស្របទៅតាមគោលដៅរបស់ប្រមុខរាជរដ្ឋាភិបាលនោះ៕
អត្ថបទ ៖ បាន ចក់