ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF បាននិយាយកាលពីថ្ងៃអាទិត្យ (១៧ មីនា) ថាកុមារជាង ១៣.០០០ នាក់ត្រូវបានសម្លាប់នៅហ្កាហ្សា ក្នុងការវាយលុករបស់អ៊ីស្រាអែល ដោយបន្ថែមកុមារជាច្រើនបានទទួលរងពីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរហើយមិនមាន «សូម្បីតែកម្លាំងយំ»។

នាយកប្រតិបត្តិអង្គការយូនីសេហ្វ លោកស្រី ខាធើរីន រ៉ាស់សែល (Catherine Russell) បានប្រាប់សារព័ត៌មាន CBS News ថា «កុមាររាប់ពាន់នាក់ទៀតបានរងរបួស ហើយពួកគេអាចនឹងជាប់គាំងនៅក្រោមគំនរបាក់បែក។ យើងមិនដែលបានឃើញអត្រាដ៏ខ្ពស់បែបនេះនៃការស្លាប់របស់កុមារនៅក្នុងជម្លោះស្ទើរតែទាំងអស់នៅលើពិភពលោក»។

ការរិះគន់ពីអន្តរជាតិបានកើតមានលើអ៊ីស្រាអែល ដោយសារតែចំនួនអ្នកស្លាប់ក្នុងសង្គ្រាម វិបត្តិភាពអត់ឃ្លាននៅហ្កាហ្សា និងការចោទប្រកាន់ពីការរារាំងការផ្តល់ជំនួយទៅក្នុងតំបន់ហ៊ុមព័ទ្ធ។
អ្នកជំនាញរបស់អង្គការសហប្រជាជាតិបាននិយាយនៅដើមខែនេះថា អ៊ីស្រាអែលកំពុងបំផ្លាញប្រព័ន្ធស្បៀងអាហាររបស់ហ្កាហ្សា ដែលជាផ្នែកនៃ «យុទ្ធនាការបង្អត់អាហារ» ដ៏ទូលំទូលាយ ប៉ុន្តែអ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់នេះ។
ការវាយប្រហារដោយយោធារបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានធ្វើឱ្យប្រជាជនជិត ២,៣ លាននាក់របស់តំបន់នេះត្រូវភៀសខ្លួន និងបណ្តាលឱ្យមានវិបត្តិអត់ឃ្លាន ធ្វើឱ្យតំបន់ភាគច្រើនខ្ទេចខ្ទីអស់ និងបានសម្លាប់មនុស្សជាង ៣១.០០០ នាក់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្កាហ្សា៕