ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទីរដ្ឋសភាជាតិនៃកម្ពុជា និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងគណបក្សភៀថៃ និងគណបក្សប្រជាជនកម្ពុជានៅគ្រប់វេទិកា ជាពិសេសក្នុងក្របខ័ណ្ឌ ICAPP ដែលគណបក្សភឿថៃបានបញ្ជូនប្រតិភូមកចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជាតាំងពីឆ្នាំ២០១៣មក ដែលសកម្មភាពនេះពិតជាបានចូលរួមគាំទ្រដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាក្នុងស្មារតីនៃគ្រួសារគណបក្សនយោបាយនៅអាស៊ី។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសជួបពិភាក្សការងារជាមួយលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ ប្រធានគណបក្សភឿថៃ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្ដីទីរដ្ឋសភាមានប្រសាសន៍ថា រដ្ឋសភាប្រទេសទាំងពីរតែងតែផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសទស្សនកិច្ចរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មះថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភាថៃ ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។

ឯកឧត្តមបណ្ឌិតបន្តថារដ្ឋសភាប្រទេសទាំងពីរយកចិត្តទុកដាក់ក្នុងការជំរុញយន្តការសភាវ័យក្មេង និងស្ត្រី នៅក្នុងក្របខណ្ឌជាតិ និងអន្តរសភាអាស៊ាន (អាយប៉ា) ជាពិសេស ភាគីទាំងពីរបានរួមគ្នាអភិវឌ្ឍ និងគាំទ្រការជំរុញសភាឌីជីថល ដែលក្នុងន័យនេះភាគីទាំងពីរបានគាំទ្រដល់គំនិតផ្តួចផ្តើមបង្កើត «បណ្ណាល័យច្បាប់ឌីជីថល AIPA» ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសនីមួយៗ និងប្រជាជនក្នុងតំបន់អាស៊ាន។ បណ្ណាល័យច្បាប់ឌីជីថល នឹងជំរុញឱ្យសភាអាស៊ានអាចពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនីតិប្បញ្ញតិ និងមជ្ឈភាពអាស៊ាន ហើយពិសេស នឹងពង្រឹងលើការជឿជាក់ក្នុងការវិនិយោគនៅក្នុងតំបន់អាស៊ាន។

ឯកឧត្តមបណ្ឌិត ជាម យៀប បន្តថា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិរវាងគណបក្សទាំងពីរនៅគ្រប់វេទិកាជាពិសេសក្នុងក្របខ័ណ្ឌ ICAPP ដែលគណបក្សភឿថៃបានបញ្ជូនប្រតិភូមកចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា តាំងពីឆ្នាំ២០១៣មក ដែលសកម្មភាពនេះពិតជាបានចូលរួមគាំទ្រដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាក្នុងស្មារតីនៃគ្រួសារគណបក្សនយោបាយនៅអាស៊ី។

ឯកឧត្តមបន្តថាក្នុងឆ្នាំ២០២៤នេះ សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (International Parliament for Tolerance and Peace – IPTP) លើកទី១១ ហើយគណបក្សប្រជាជនកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតនៃសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ ហើយរដ្ឋសភាកម្ពុជាសង្ឃឹមថារដ្ឋសភាថៃ និងគណបក្សភឿថៃគាំទ្រនិងចូលរួមព្រមទាំងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ចូលរួមក្នុងកិច្ចប្រជុំទាំងពីរនេះ៕ អត្ថបទ៖ វ៉ន ដារ៉ា


