រោងចក្រចម្រាញ់ប្រេងរបស់រុស្សីកាន់តែច្រើន ត្រូវរងការវាយប្រហារដោយយានដ្រូន ជាការវាយប្រហារចុងក្រោយបង្អស់លើរោងចក្រថាមពល ដែលភាគច្រើននៃពួកវា ស្ថិតនៅជ្រៅក្នុងប្រទេសរុស្ស៊ី។

ការវាយប្រហារកាលពីថ្ងៃសៅរ៍ គឺសំដៅទៅលើរោងចក្រនៅក្នុងតំបន់ Samara របស់រុស្ស៊ី មានចម្ងាយជាង ១.០០០ គីឡូម៉ែត្រ (៦២០ ម៉ាយ) ពីព្រំដែនអ៊ុយក្រែន។
សារព័ត៌មាន RIA Novosti បានរាយការណ៍ដោយដកស្រង់សម្តីអភិបាលខេត្តលោក Dmitry Azarov ថា អង្គភាពកែច្នៃផលិតផលប្រេង បានឆាបឆេះនៅលើទឹកដីនៃរោងចក្រចម្រាញ់ប្រេង Rosneft PJSC ក្នុងទីក្រុងស៊ីហ្ស្រាន (Syzran)។ សមត្ថភាពផលិតរបស់រោងចក្រនេះ គឺ ៨,៥លានបារ៉ែល ក្នុងមួយឆ្នាំ ឬប្រហែល ១៧០.000 បារ៉ែល ក្នុងមួយថ្ងៃ។

ទីភ្នាក់ងារសារព័ត៌មានបារាំង AFP កាលពីថ្ងៃអាទិត្យបានរាយការណ៍ដោយដកស្រង់សម្តីអាជ្ញាធរក្នុងតំបន់ថា ការវាយប្រហារដោយយានដ្រូនមួយផ្សេងទៀត បានកើតឡើងលើរោងចក្រចម្រាញ់ប្រេង Slavyansk-on-Kuban ក្នុងតំបន់ Krasnodar ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ សេចក្តីរាយការណ៍នោះ បានបន្តថា អគ្គិភ័យដែលបង្កឡើងដោយការវាយប្រហារនោះ ត្រូវបានពន្លត់ ហើយមនុស្សម្នាក់ បានស្លាប់ដោយសារគាំងបេះដូង ។
អភិបាលក្រុង បាននិយាយថា ការប៉ុនប៉ងវាយប្រហាររោងចក្រចម្រាញ់ប្រេងទីពីរ នៅទីក្រុង Novokuibyshevsk ត្រូវបានរារាំង។
មនុស្សម្នាក់ដែលដឹងពីកិច្ចប្រតិបត្តិការមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាសាធារណៈ បានអះអាងថា អ៊ុយក្រែន បានកំណត់គោលដៅរោងចក្រទី៣ក្នុងតំបន់នៅពេលយប់ គឺរោងចក្រចម្រាញ់Kuibyshevដ៏ធំ។