ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានលោកខាងលិច នៅថ្ងៃចន្ទ (១៨ មីនា) នេះថា ជម្លោះដោយផ្ទាល់រវាងរុស្ស៊ី និងសម្ព័ន្ធយោធាណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងមានន័យថា ភពផែនដីមិននៅឆ្ងាយពីសង្គ្រាមលោកលើកទីបីទេ ប៉ុន្តែស្ទើរតែគ្មាននរណាម្នាក់ចង់បានសេណារីយ៉ូបែបនេះឡើយ។

សង្រ្គាមអ៊ុយក្រែន បានបង្កឱ្យមានវិបត្តិដ៏ជ្រៅបំផុតនៅក្នុងទំនាក់ទំនងរបស់ទីក្រុងមូស្គូ ជាមួយលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបា ឆ្នាំ១៩៦២ មក។ លោក ពូទីន ជារឿយៗបានព្រមានពីហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ ប៉ុន្តែនិយាយថា លោកមិនដែលមានអារម្មណ៍ថាត្រូវការប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនទេ។

ប្រធានាធិបតីបារាំងលោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីខែមុនបាននិយាយថា លោកមិនអាចបដិសេធការដាក់ពង្រាយកងទ័ពជើងគោកក្នុងអ៊ុយក្រែន នាពេលអនាគតបានទេ ដោយប្រទេសលោកខាងលិច ជាច្រើនបានបដិសេធបំណងនេះ ខណៈដែលប្រទេសផ្សេងទៀត ជាពិសេសនៅអឺរ៉ុបខាងកើត បានសម្តែងការគាំទ្រ។

នៅពេលត្រូវសាកសួរដោយសារព័ត៌មានរ៉យទ័រ អំពីសុន្ទរកថារបស់លោក ម៉ាក្រុង ព្រមទាំងហានិភ័យ និងលទ្ធភាពនៃជម្លោះរវាងរុស្ស៊ី និងអង្គការណាតូ លោក ពូទីន បានឆ្លើយថា «អ្វីៗគ្រប់យ៉ាងគឺសុទ្ធតែអាចទៅរួចនៅក្នុងពិភពសម័យទំនើបនេះ»៕