អាជ្ញាធររៀបចំការបោះឆ្នោតឥណ្ឌាបាននិយាយកាលពីថ្ងៃសៅរ៍ (១៦ មីនា) ថា ប្រទេសឥណ្ឌានឹងបោះឆ្នោតសភាថ្មីក្នុង ៧ ដំណាក់កាលនៅចន្លោះថ្ងៃទី ១៩ ខែមេសា ដល់ដើមខែមិថុនា ដែលមានចំនួនប្រជាជនបោះឆ្នោតដ៏ធំបំផុតរបស់ពិភពលោកដោយសារអ្នកមានសិទ្ធិបោះឆ្នោតជិតមួយពាន់លាននាក់ ខណៈលោកនាយករដ្ឋមន្រ្តី ណារ៉េនដ្រា ម៉ូឌី (Narendra Modi) មានទំនុកចិត្តថាខ្លួននឹងទទួលបានការពេញចិត្តពីប្រជាជន ហើយទទួលបានជ័យជម្នះ។

ការបោះឆ្នោតនេះ ធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ម៉ូឌី ដែលជាបុរសខ្លាំងកាន់អំណាចពីរអាណត្តិ និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន ប្រកួតទល់នឹងសម្ព័ន្ធដ៏ចម្រូងចម្រាសនៃគណបក្សប្រឆាំងរាប់សិបបក្សទៀត ជាមួយនឹងការស្ទង់មតិបង្ហាញពីការឈ្នះយ៉ាងស្រួលសម្រាប់គណបក្សជាតិនិយមហិណ្ឌូ បារ៉ាតទីយ៉ា ថាណាតា (Bharatiya Janata-BJP) របស់លោក ម៉ូឌី។

ប្រសិនបើទទួលជ័យជម្នះម្ដងទៀត នោះនឹងធ្វើឱ្យលោក ម៉ូឌី វ័យ ៧៣ ឆ្នាំ ដែលជានាយករដ្ឋមន្ត្រីទី២ បន្ទាប់ពីលោក ចាវ៉ាហាឡាល ណេរ៉ុ (Jawaharlal Nehru) វីរបុរសឯករាជ្យ និងជានាយករដ្ឋមន្ត្រីដំបូងគេរបស់ឥណ្ឌា ឈ្នះបានអាណត្តិទីបីជាប់គ្នា។

លោក រ៉ាជីវ គូម៉ា (Rajiv Kumar) ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យនៃប្រទេសឥណ្ឌាបានប្រាប់អ្នកសារព័ត៌មានថា ការបោះឆ្នោតដំណាក់កាលទី១ នឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែមេសា ហើយដំណាក់កាលចុងក្រោយនៃការបោះឆ្នោតចំនួន ៧ ដំណាក់កាលនេះនឹងធ្វើឡើងនៅថ្ងៃទី០១ ខែមិថុនា ចំណែកការរាប់សន្លឹកឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា។
មនុស្សជិត ៩៧០ លាននាក់បានចុះឈ្មោះបោះឆ្នោតនៅការិយាល័យបោះឆ្នោតជាងមួយលានទីតាំងនៅក្នុងដំណើរការបោះឆ្នោតដ៏ធំដែលមានគណបក្សនយោបាយចំនួន ២.៤០០ បក្សទំនងជានឹងចូលរួមប្រកួតប្រជែង៕