នៅក្នុងឆ្នាំ២០២៣កន្លងទៅរដ្ឋប្រមូលថវិកាបានជិត ១៣០០ លានរៀលពីការបង់ភាគទាន របស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមិនបានជ្រើសរើសជនមានពិការភាពឱ្យចូលបំពេញការងារនៅក្នុងស្ថាប័នរបស់ខ្លួន។ នេះជាទិន្នន័យទទួលបានពីមូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច ក្នុងឱកាសសន្និបាតបូកសរុបការងាររបស់ខ្លួន។

កន្លងមករាជរដ្ឋាភិបាលបានចេញ អនុក្រឹត្យ កំណត់ឱ្យទាំងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ត្រូវជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារក្នុងស្ថាប័នរបស់ខ្លួន។ សម្រាប់ស្ថាប័នរដ្ឋ គឺត្រូវជ្រើសរើសជនមានពិការភាពចូលបម្រើការងារឱ្យបាន២ភាគរយ នៃចំនួនមន្ត្រីសរុប។ ចំណែក ក្រុមហ៊ុន រោងចក្រ សហគ្រាសឯកជន ត្រូវជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ១ភាគរយ នៃចំនួនបុគ្គលិកសរុបរបស់ខ្លួន។
ជុំវិញលើការងារនេះ ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជដ្ឋាភិបាលទទួលបន្ទុកជា នាយកមូលនិធិជនពិការលើកឡើងថា ក្រសួងស្ថាប័នរដ្ឋក្នុងពេលបច្ចុប្បន្នបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅតាមអនុក្រឹត្យកំណត់។ ជាក់ស្ដែងក្រសួងស្ថាប័នរដ្ឋ សម្រេចបានការជ្រើសរើសជនមានពិការភាពរហូតដល់ជិត៣ភាគរយ ឱ្យចូលបម្រើការងារ។ រីឯក្រុមហ៊ុន រោងចក្រ ស្ថាប័នឯកជន ហាក់ពុំទាន់អនុវត្តបានខ្ជាប់ខ្ជួននោះទេ។ យ៉ាងណាម៉ិញ ពុំទាន់មានការផាកពីន័យជាកំហិតនោះទេ គឺស្ថិតនៅលើការចូលរួមជាការស្ម័គ្រចិត្តនៅឡើយ។ ឯកឧត្តមបញ្ជាក់ថា ក្នុងឆ្នាំ ២០២៣កន្លងទៅ គឺក្រុមហ៊ុនចំនួន ៨០ ដែលមិនបានជ្រើសរើសជនមានពិការភាពចូលបម្រើការងារ បានបង់ភាគទានដោយស្ម័គ្រចិត្តជាសាច់ប្រាក់ចំនួនជិត ១៣០០លានរៀល។
ពាក់ព័ន្ធនឹងការបំពេញការងារនេះ សម្រាប់ជនមានពិការភាពលើកឡើងថា ពួកគេក៏មានសមត្ថភាពបំពេញការងារដូចជាមនុស្សគ្មានពិការភាពផងដែរ។ នេះជាការលើកឡើងរបស់ ជនមានពិការភាព ដែលកំពុងបំពេញការងារជាមន្ត្រីនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ពួកគេមើលឃើញពីការផ្ដល់ឱកាសប្រសើរជាងមុន សម្រាប់ជនមានពិការភាព។ ក្នុងនាមជាជនមានពិការភាព ពួកគេលើកឡើងថាភ្ជាប់ជាមួយការផ្ដល់ឱកាសនេះ ជនមានពិការភាពក៏ត្រូវពង្រឹងសមត្ថភាពឱ្យខ្លាំងក្លា ផងដែរ។

ផ្អែកតាមរបាយការណ៍អង្កេតសេដ្ឋកិច្ច សង្គមកម្ពុជាឆ្នាំ២០២១ របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានបញ្ជាក់ថាអត្រាជនមានពិការភាព កម្ពុជា មានប្រមាណ ៥.៣% (ប្រមាណ ៨៧២,៥២៧ នាក់) នៃចំនួនប្រជាជនសរុបប្រមាណជាង ១៦លាននាក់។ ផ្តើមចេញពីបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ និង លិខិតូបករណ៍អន្តរជាតិផ្សេងៗ បានកសាងនិងដាក់ឱ្យអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន៕ អត្ថបទ៖ គឹមហុក
