ក្រុមអ្នកវិភាគបាននិយាយថា សារព័ត៌មានរដ្ឋកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍ (១៦ មីនា) បានហៅកូនស្រីវ័យជំទង់របស់មេដឹកនាំ លោក គីម ជុងអ៊ុន ថាជា «អ្នកដឹកនាំដ៏អស្ចារ្យ» ដែលជាធម្មតាជានាមទុកសម្រាប់ប្រើប្រាស់ហៅមេដឹកនាំជាន់ខ្ពស់ និងប្រាប់ពីឋានៈរបស់កូនស្រីរបស់ គីម ថាជាអ្នកស្នងតំណែង ដែលអាចទៅរួចបន្ទាប់ពីឪពុករបស់ខ្លួន។

ក្រុមអ្នកវិភាគបាននិយាយថា នេះជាលើកទីមួយហើយដែលកូនស្រីរបស់លោក គីម ដែលមិនធ្លាប់ត្រូវបញ្ចេញឈ្មោះដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង ប៉ុន្តែត្រូវបានគេកំណត់អត្តសញ្ញាណដោយភ្នាក់ងារស៊ើបការណ៍កូរ៉េខាងត្បូង ថាឈ្មោះ ជូអេ (Ju Ae) ត្រូវបានពិពណ៌នាក្នុងឋានៈដ៏ខ្ពង់ខ្ពស់បែបនោះដោយកូរ៉េខាងជើង។

នាង ជូអេ ត្រូវបានណែនាំទៅកាន់ពិភពលោកជាលើកដំបូងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០២២ នៅពេលដែលនាងអមដំណើរឪពុករបស់ខ្លួនងក្នុងការបាញ់បង្ហោះមីស៊ីលបាលិស្ទិក។
ចាប់តាំងពីពេលនោះមក នាងត្រូវបានគេឃើញបង្ហាញវត្តមានក្នុងពិធីផ្លូវការជាច្រើនរបស់ឪពុកខ្លួន រួមទាំងការធ្វើសមយុទ្ធយោធា ដំណើរទស្សនកិច្ចទៅកាន់រោងចក្រផលិតអាវុធ ដំណើរសំចតនៅកសិដ្ឋានចិញ្ចឹមមាន់ថ្មី និងក្បួនដង្ហែរយោធាជាដើម។

ទីក្រុងសេអ៊ូល បានបង្ហាញពីដំបូងថាលោក គីម និងភរិយារបស់ខ្លួន គឺលោកស្រី រី សូលជូ (Ri Sol Ju) ដែលបានរៀបការក្នុងឆ្នាំ២០០៩ មានកូនដំបូងប្រុសម្នាក់ក្នុងឆ្នាំ២០១០ ហើយ ជូអេ ជាកូនទីពីររបស់ពួកគេ ប៉ុន្តែកាលពីឆ្នាំមុន រដ្ឋមន្ត្រីបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូល បាននិយាយថា រដ្ឋាភិបាល «មិនអាចបញ្ជាក់បានច្បាស់ទេ» អំពីអត្ថិភាពរបស់កូនប្រុសលោក គីម ជុងអ៊ុន៕