បាល់ទាត់៖ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានយល់ព្រមបន្តស្នាក់នៅ Barcelona រហូតដល់ឆ្នាំ២០២៦ និងយល់ព្រមកាត់ថ្លៃឈ្នួលពាក់កណ្តាលផងដែរ។ កីឡាករវ័យ ៣៤ឆ្នាំ Lionel Messi កិច្ចសន្យារបស់គេជាមួយ Barcelona បានអស់សុពលភាពតាំងពីដំណាច់ខែឧសភាម្ល៉េះ។

ប្រាក់ឈ្នួលដែល Messi ទទួលបានពី Barcelona នាពេលកន្លងមកត្រូវបានគេឱ្យដឹងថាស្មើនឹង ១២៣លានផោនក្នុងមួយរដូវកាល មានន័យថាកិច្ចសន្យាថ្មីនាពេលខាងមុខ Messi នឹងកាត់ប្រាក់ឈ្នួលរបស់ខ្លួនមកទទួលបានត្រឹម ៦១.៥លានផោនក្នុងមួយរដូវកាល។ បច្ចុប្បន្ន Messi កំពុងសម្រាកលំហែកាយនៅឡើយ បន្ទាប់ពីបញ្ចប់បេសកកម្មជួយក្រុមអាហ្សង់ទីនលើកពាន Copa America លើកំបូងក្នុងអាជីព និងជាលើកដំបូងក្នុងរយៈពេល ២៨ឆ្នាំរបស់អាហ្សង់ទីនផងដែរ។
ការបញ្ចុះបញ្ចូលឱ្យ Messi នៅបន្តជាមួយ Barcelona គឺស្របតាមគោលនយោបាយរបស់ប្រធានក្លិបថ្មីលោក Joan Laporta ស្របពេលដែលក្លិបក៏មានគំរោងដោះដូរកីឡាករ Antoine Griezmann ឱ្យត្រលប់ទៅ Atletico Madrid វិញ និងយក Saul Niguez មក Barcelona ដើម្បីកាត់បន្ថយការចំណាយ។ សូមបញ្ជាក់ថា Lionel Messi មុននឹងឈានដល់ការកិច្ចព្រមព្រៀងថ្មីនេះ ក៏មានលេចលឺព័ត៌មានចាកចេញដែរដែលក្នុងនោះ Manchester City ឈានមុខគេក្នុងការតាមប្រមាញ់កីឡាករវ័យ ៣៤រូបនេះ ក៏ដូចជាក្លិបបារាំង Paris Saint Germain និងផ្លាស់ទៅទឹកដីអាមេរិក Major League Soccer ជាដើម។
Lionel Messi គិតមកដល់ពេលនេះរកគ្រាប់បាល់សរុបឱ្យ Barcelona បាន ៦៧២ គ្រាប់ ឈ្នះជើងឯក La Liga ១០ លើក UEFA Champions League ៤ លើក Copa del Rey ៧ លើក និងឈ្នះពានឯកជន Ballon d’Or ៦ លើក៕
អត្ថបទ៖នាង សុភាវុធ