ស្ត្រីមេម៉ាយរបស់អតីតមេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny និងជនជាតិរុស្ស៊ីជាច្រើននាក់ទៀតបានបោះឆ្នោតតវ៉ាប្រឆាំងប្រធានាធិបតី លោក Vladimir Putin នៅស្ថានទូតរុស្ស៊ីក្នុងរដ្ឋធានីរបស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ។

លោកស្រី យូលៀ ណាវ៉ាល់ណាយ៉ា(Yulia Navalnaya) បានរង់ចាំក្នុងជួរយ៉ាងយូរ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី នៅស្ថានទូតរបស់ប្រទេស ក្នុងទីក្រុងប៊ែរឡាំង។ ថ្ងៃអាទិត្យ គឺជាថ្ងៃចុងក្រោយនៃការបោះឆ្នោត។ ប្រជាជនរុស្ស៊ី ក្នុងបេសកកម្មការទូត បានស្រែកដើម្បីបង្ហាញពីសាមគ្គីភាពរបស់ពួកគេជាមួយលោកស្រី Navalnaya។ ពួកគេ ក៏បានទាមទារឲ្យវិមានក្រឹមឡាំង បញ្ឈប់ប្រតិបត្តិការយោធានៅអ៊ុយក្រែនជាបន្ទាន់ផងដែរ។

លោកស្រី Navalnaya បានអរគុណដល់ជនរួមជាតិរបស់លោកស្រី ដែលបានមកចូលរួមក្នុងការតវ៉ា។ លោកស្រីនិយាយថា លោកស្រី បានសរសេរឈ្មោះស្វាមីរបស់លោកស្រីនៅលើសន្លឹកឆ្នោត ហើយដាក់ក្នុងប្រអប់សន្លឹកឆ្នោត។ នៅមុនការបោះឆ្នោត លោកស្រី Navalnaya បានជំរុញប្រជាជនឱ្យតវ៉ាប្រឆាំង លោក ពូទីន ដោយការប្រមូលផ្តុំមហាជននៅការិយាល័យបោះឆ្នោត កាលពីពេលថ្ងៃត្រង់ ថ្ងៃអាទិត្យ។
លោកស្រី បានអំពាវនាវឱ្យពួកគេគូសចោលសន្លឹកឆ្នោត ឬបោះឆ្នោតឱ្យបេក្ខជនណាមួយ លើកលែងតែលោកពូទីន សរសេរឈ្មោះលោក Navalny នៅលើសន្លឹកឆ្នោតរបស់ពួកគេ។ អ្នកបោះឆ្នោតរុស្ស៊ីអាយុ ២៦ឆ្នាំម្នាក់ បាននិយាយថាលោកមិននឹកស្មានថាបានឃើញមនុស្សក្នុងជួរដ៏វែងបែបនេះរង់ចាំបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ក្នុងរដ្ឋធានីប្រទេសអាល្លឺម៉ង់ទេ។
លោកនិយាយថា អ្នកបោះឆ្នោតភាគច្រើន ប្រឆាំង លោកពូទីន។ ស្រ្តីជនជាតិរុស្ស៊ីអាយុ ២៥ ឆ្នាំម្នាក់ បាននិយាយថា លោកពូទីន គឺជា មនុស្សអាក្រក់ខ្លាំង ជាអ្នកដែលបាន សម្លាប់មនុស្សជាច្រើននាក់។ នាង និយាយថា នាងមានការខកចិត្តជាខ្លាំងដែលរុស្ស៊ី មិនអាចរៀបចំការបោះឆ្នោតពិតប្រាកដបាន។