ប្រធានអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសៅរ៍ បានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារជើងគោករបស់ខ្លួនទៅលើទីក្រុង រ៉ាហ្វា (Rafah) ដែលជាទីក្រុងចុងភាគខាងត្បូងរបស់តំបន់ហ្កាហ្សា ដោយនិយាយថាមនុស្ស ១,២ លាននាក់ដែលស្នាក់នៅទីនោះ មិនមានកន្លែងមានសុវត្ថិភាពដើម្បីរត់គេចនោះទេ។

ប្រធាន WHO លោក តេដ្រូស អាដហាណូម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បានសរសេរនៅលើបណ្ដាញសង្គម X ដែលពីមុនជា Twitter ថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរបាយការណ៍នៃផែនការរបស់អ៊ីស្រាអែល ដើម្បីបន្តការវាយលុកថ្មើរជើងលើក្រុងរ៉ាហ្វា។ ការកើនឡើងបន្ថែមទៀតនៃអំពើហឹង្សានៅក្នុងតំបន់ដែលមានប្រជាជនច្រើននេះ នឹងនាំឱ្យមានការស្លាប់ និងការរងទុក្ខជាច្រើន ជាពិសេសកន្លែងថែទាំសុខភាព ដែលបានដួលរលំរួចទៅហើយនោះ»។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បានចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអនុម័តផែនការកាលពីថ្ងៃសុក្រ សម្រាប់ការវាយប្រហារលើទីក្រុងរ៉ាហ្វា ជាទីដែលជនភៀសខ្លួនប៉ាឡេស្ទីនប្រហែល ១,៥ លាននាក់កំពុងស្វែងរកទីជម្រក។

ប្រធាន WHO បានបន្ថែមថា មហន្តរាយមនុស្សធម៌នេះ មិនត្រូវអនុញ្ញាតឱ្យកាន់តែអាក្រក់ទៅៗនោះទេ។ ទីភ្នាក់ងារសុខភាពពិភពលោកបានអំពាវនាវដល់អ៊ីស្រាអែលកុំឱ្យបន្តប្រតិបត្តិការយោធា ហើយផ្ទុយទៅវិញធ្វើការឆ្ពោះទៅរកសន្តិភាព «ក្នុងនាមមនុស្សជាតិ» ដើម្បីបញ្ចប់ការរសម្លាប់ដ៏បង្ហូរឈាមនេះ៕