អាជ្ញាធរសាធារណៈរដ្ឋដូមីនីក បានឃ្លាំមើលនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសហៃទី កាលពីថ្ងៃអាទិត្យ ក្នុងពេលមានអំពើហិង្សា និងអស្ថិរភាពនៅក្នុងប្រទេសនេះ។ អាជ្ញាធរសាធារណៈរដ្ឋដូមីនីក ក្នុង ទីក្រុង Dajabon ដែលត្រូវបានគេដឹងថាជាតំបន់ទំនិញផ្លាស់ប្តូរគ្នារវាងប្រជាជនហៃទី និងពលរដ្ឋក្នុងតំបន់ ត្រូវបានគេមើលឃើញថា បានកំពុងនិរទេសជនអន្តោប្រវេសន៍ហៃទី រាប់សិបនាក់ កាលពីថ្ងៃអាទិត្យ។

ដោយឆ្លងកាត់ព្រំដែនប្រទេសហៃទី ក្នុងទីក្រុងភីសិន វីល (Petion-Ville) អ្នកលក់ដូរតាមដងផ្លូវ បានសម្តែងពីទុក្ខលំបាករបស់ពួកគេអំពីការខ្វះខាតអាជីវកម្ម ខណៈអំពើហិង្សាជាច្រើនខែបានធ្វើឱ្យពលរដ្ឋជាប់គាំងសាច់ប្រាក់ និងមិនអាចទិញទំនិញបាន។

ប្រទេសហៃទី កំពុងព្យាយាម ដោះស្រាយវិបត្តិនយោបាយ និងមនុស្សធម៌ ដែលអូសបន្លាយពេលជាយូរមកហើយ ដែលទីភ្នាក់ងារកុមារ អង្គការយូនីសេហ្វ បានព្រមានថា កំពុងបង្កឱ្យមានភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភដែលគំរាមកំហែងដល់អាយុជីវិត នៅក្នុងផ្នែកខ្លះនៃរដ្ឋធានី ព័រអូប្រាំង។
ក្រុមជនអន្ធពាលប្រដាប់អាវុធ បានដណ្តើមកាន់កាប់ភាគច្រើននៅក្នុងរដ្ឋធានី នៅក្នុងប្រទេសហៃទី ហើយក្រុមសិទ្ធិមនុស្ស បានរាយការណ៍ពីការសម្លាប់រីករាលដាល ការចាប់ជំរិត និងអំពើហិង្សាផ្លូវភេទ។ លោក អារីយ៉ែល ហេនរី (Ariel Henry) ជានាយករដ្ឋមន្ត្រីដែលមិនជាប់ឆ្នោតរបស់ប្រទេស បាននិយាយថាលោកនឹងលាលែចេញពីតំណែងនៅថ្ងៃចន្ទ ទី១៨ ខែមីនានេះ ខណៈលោកប្រឈមមុខនឹងសម្ពាធអន្តរជាតិ ។