យ៉ាងហោចណាស់អ្នកដំណើរចំនួន ២១ នាក់បានស្លាប់ និងមនុស្ស ១១ នាក់ផ្សេងទៀតបានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្ត ហែលម៉ាន់ (Helmand) ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ (១៧ មីនា) នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលខេត្ត លោក ម៉ាវវ៉ាលី ម៉ូហាមេដ កាស៊ីមរ៉ាស (Mawlawi Mohammad Qasim Riaz)។

គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅលើផ្លូវមួយក្នុងសង្កាត់ ហ្កេរ៉េស (Gereshk) កាលពីព្រឹកថ្ងៃអាទិត្យ នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរ ហើរ៉ាត (Herat) បានបុកជាមួយរថយន្តដឹកប្រេង និងម៉ូតូមួយគ្រឿង។

មន្ត្រីដដែលនោះបានបន្តថា រថយន្តក្រុងបានក្រឡាប់ និងឆេះបណ្តាលឲ្យមនុស្ស ២១ នាក់ស្លាប់នៅនឹងកន្លែង ដោយបន្ថែមថា មូលហេតុនៃគ្រោះថ្នាក់នេះអាចមកពីការបើកបរមិនប្រុងប្រយ័ត្ន ។
មន្ត្រីរូបនោះបានបន្ថែមថា ការស៊ើបអង្កេតត្រូវបានចាប់ផ្តើមលើឧបទ្ទវហេតុនេះ។ ក្នុងពេលជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មានរដ្ឋ បាកតា (Bakhtar) បាននិយាយថាមានមនុស្សស្លាប់ ២១ នាក់ និងរបួសដល់ទៅ ៣៨ នាក់។
យោងតាមអគ្គនាយកដ្ឋាននគរបាលចរាចរណ៍អាហ្វហ្គានីស្ថាន បានឱ្យដឹងថា មនុស្សជាង ១.៦០០ នាក់ត្រូវបានសម្លាប់ និងជាង ៤.០០០ នាក់បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ១០ ខែចុងក្រោយនេះ៕