កងទ័ពជើងទឹកប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ បានចេញផ្សាយវីដេអូដែលបង្ហាញពីការជួយសង្គ្រោះនាវាដឹកទំនិញ ដែលត្រូវបានប្លន់ដោយចោរសមុទ្រប្រទេសសូម៉ាលី។ យោងតាមអ្នកនាំពាក្យរបស់កងទ័ពជើងទឹកបាននិយាយថា កងកម្លាំងជើងទឹកឥណ្ឌា រួមទាំងកងកុម្មង់ដូពិសេស បានរឹបអូសនាវាដឹកទំនិញមួយគ្រឿង ដោយបានជួយសង្គ្រោះសមាជិកនាវិក ១៧នាក់។

វីដេអូ ដែលបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយអ្នកនាំពាក្យ បានបង្ហាញពីចោរសមុទ្រប្រទេសសូម៉ាលី កំពុងត្រូវបានឃុំខ្លួននៅលើនាវា ខណៈសមាជិកនាវិកកំពុងត្រូវបានជម្លៀសចេញតាមនាវាកងទ័ពជើងទឹកតូចៗ។
អ្នកនាំពាក្យកងទ័ពជើងទឹក បាននិយាយថា ប្រតិបត្តិការដែនសមុទ្ររបស់ប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ពួកគេឆ្ពោះទៅរកការពង្រឹងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

កងទ័ពជើងទឹកបាននិយាយថា ចោរសមុទ្រទាំង ៣៥នាក់ ជិះនៅលើនាវា ជានាវាដឹកទំនិញមានទង់ជាតិប្រទេសម៉ាល់តា ឈ្មោះ Ruen បានលើកទង់ជ័យស ហើយនាវាត្រូវបានត្រួតពិនិត្យរកអាវុធ គ្រាប់រំសេវ និងសម្ភារៈប្រើប្រាស់ខុសច្បាប់។ នាវា Ruen ត្រូវបានប្លន់ដោយក្រុមចោរសមុទ្រ កាលពីឆ្នាំមុន ហើយកងទ័ពជើងទឹក បាននិយាយថា ខ្លួនបានស្ទាក់ចាប់នាវានេះ កាលពីថ្ងៃសុក្រ ទី១៥ មីនា។