ក្រសួងការបរទេសស៊ីរី កាលពីថ្ងៃអាទិត្យ បានថ្កោលទោសយ៉ាងដាច់អហង្កាចំពោះសេចក្តីថ្លែងការណ៍រួមកាលពីពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ ថាជាការបន្ត «គោលនយោបាយដ៏បំផ្លិចបំផ្លាញ»។

ក្រសួងបាននិយាយថា សេចក្តីថ្លែងការណ៍រួម គឺជាការបន្តនៃ «គោលនយោបាយដ៏បំផ្លិចបំផ្លាញ» ដែលប្រទេសទាំងនេះ បានដាក់មកលើប្រទេសស៊ីរី អស់រយៈពេល ១៣ឆ្នាំមកហើយ។ នៅថ្ងៃខួបលើកទី ១៣ នៃការផ្ទុះជម្លោះស៊ីរី កាលពីថ្ងៃទី១៥ ខែមីនា សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងប្រទេសអាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយចោទប្រកាន់របបប្រធានាធិបតីស៊ីរី លោក Bashar al-Assad ពីបទ «ប្រព្រឹត្តការជិះជាន់ និងអំពើឃោរឃៅរាលដាល» ទៅលើប្រជាជនស៊ីរី បណ្តាលឱ្យមានអ្នកស្លាប់រហូតដល់ជាង ៥សែន នាក់ និងប្រជាជនភៀសខ្លួនចេញទ្រង់ទ្រាយធំ។

ក្រសួងការបរទេសស៊ីរី បានចោទប្រកាន់នៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសទាំងបួន បានប្រើប្រាស់ឧបករណ៍ផ្សេងៗនៃសង្គ្រាមប្រឆាំងប្រទេសស៊ីរី រួមមានការញុះញង់ក្នុងយុទ្ធនាការផ្សេងៗ ផ្សព្វផ្សាយព័ត៌មានមិនពិត ការគាំទ្រអង្គការភេរវកម្មនិងកងជីវពលផ្តាច់ខ្លួន បង្កើតសម្ព័ន្ធភាពខុសច្បាប់ និងការដាក់វិធានការបង្ខិតបង្ខំជាឯកតោភាគីអមនុស្សធម៌លើប្រជាជនស៊ីរី។
រដ្ឋាភិបាលស៊ីរី មើលឃើញថាការអះអាងទាំងនេះគ្រាន់តែជាការលាក់ពុតផ្នែកនយោបាយ និងការប៉ុនប៉ងដោយអស់សង្ឃឹម ដើម្បីបិទបាំងផលប៉ះពាល់ដ៏មហន្តរាយនៃវិធានការបង្ខិតបង្ខំ ដែលដាក់លើប្រជាជនស៊ីរី។ បន្ថែមលើនេះ ការលួចធនធានជាតិរបស់ស៊ីរី ដោយប្រទេសមហាអំណាចបរទេស បានដកហូតទ្រព្យសម្បត្តិ និងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនស៊ីរី។
សេចក្តីថ្លែងការណ៍បាននិយាយថា ការបន្តកាន់កាប់ផ្នែកមួយចំនួននៃទឹកដីប្រទេសស៊ីរីដោយកងកម្លាំងអាមេរិក ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពប្រទេសស៊ីរី និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ជាងនេះទៅទៀត ក្រសួងបានអំពាវនាវរកយុត្តិធម៌ ដោយត្រូវផ្តល់សំណងដល់ប្រជាជនស៊ីរី សម្រាប់ការខាតបង់របស់ពួកគេ ។