
ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានប៉ាន់ប្រមាណកាលពីថ្ងៃអាទិត្យ (១៧ មីនា) ថា ជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ហ្កាហ្សាស្ទ្រីប ទៅជាកម្ទេចថ្មចំនួន ២៣ លានតោន។
ទីភ្នាក់ងារជំនួយប៉ាឡេស្ទីន UNRWA នេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លំនៅឋាន សាលារៀន គ្លីនិក និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនទៀតនៅក្នុងតំបន់ហ្កាហ្សា ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយជម្លោះ ដែលបណ្តាលឱ្យមាន «ការកកើតនៃកម្ទេចថ្មប្រហែល ២៣ លានតោន»។
ទីភ្នាក់ងារនេះបានបញ្ជាក់ថា ការងារដកកម្ទេចកម្ទី និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនឹងត្រូវចំណាយពេលជាច្រើនឆ្នាំ។ យោងតាមការវាយតម្លៃរបស់ UNRWA មនុស្សជាង ២ លាននាក់ដែលរស់នៅក្នុងតំបន់ហ្កាហ្សា បានបាត់បង់ជីវភាពរស់នៅធម្មតារបស់ពួកគេ។
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងបន្តផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា បានកើនឡើងលើស ៣១.៦០០ នាក់ និងបំផ្លាញតំបន់ហ៊ុមព័ទ្ធនេះស្ទើតែទាំងស្រុង៕