ប្រណាំងកង់៖ កីឡាករស្លូវេនី Tadej Pogacar ដែលជាអ្នកការពារតំណែងជើងឯកបានប្រជែងឈ្នះដំណាក់កាលទី ១៧ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Tour de France ដើម្បីពន្លាតការនាំមុខបន្ថែមទៀតក្នុងតារាងវេលារួម។

ដំណាក់កាលទី ១៧ ដែលមានចម្ងាយផ្លូវ ១៧៨.៤គីឡូម៉ែត្រ នោះកីឡាករវ័យ ២២ឆ្នាំ Tadej Pogacar បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៥ម៉ោង ៣នាទី ៣១វិនាទី បន្ទាប់ពីការប្រើប្រាស់ល្បឿនសម្រុកនៅចំនុច ១៥០ម៉ែត្រចុងក្រោយ។ អ្នកមកដល់ទីព្រ័ត្រចំណាត់ថ្នាក់លេខ២ គឺកីឡាករដាណឺម៉ាក Jonas Vingegaard របស់ក្រុម Jumbo យឺតជាង ៣វិនាទី និងលេខ៣ កីឡាករអេក្វាដ័រ Richard Carapaz របស់ក្រុម Ineos Grenadiers យឺតជាង ៤វិនាទី។ ជ័យជំនះនេះធ្វើឱ្យ Tadej Pogacar បន្តក្តីសង្ឃឹមក្នុងការការពារតំណែងជើងឯករបស់ខ្លួន ដោយមានវេលាចំណេញល្អជាងអ្នកលេខ២ ៥នាទី ៣៩វិនាទី នាំមុខកីឡាករដាណឺម៉ាក Jonas Vingegaard និងលេខ៣ Richard Carapaz យឺតជាង ៥នាទី ៤៣វិនាទី។
សំរាប់ដំណាក់កាលទី ១៨ ថ្ងៃព្រហស្បតិ៍នេះមានចម្ងាយផ្លូវ ១២៩.៧គីឡូម៉ែត្រ ជាដំណាក់កាលឆ្លងកាត់ស្ថានភាពផ្លូវភ្នំផងដែរ។ ព្រឹត្តិការណ៍ Tour de France លើកទី១០៨ ឆ្នាំ២០២១ នេះនឹងបញ្ចប់នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះហើយ នៅមហាវិថីហ្សង់អេលីហ្សេទីក្រុងប៉ារីសប្រទេសបារាំង៕
អត្ថបទ៖នាង សុភាវុធ