
មនុស្សសរុបចំនួន ៣.៣៩៦ នាក់ ដែលរងផលប៉ះពាល់ដោយចំហេះព្រៃនៅក្នុងខេត្ត ស៊ីឈួន (Sichuan) ភាគនិរតីនៃប្រទេសចិន ដែលបានសម្លាប់មនុស្ស ៣ នាក់ ត្រូវបានជម្លៀសចេញ ដោយពួកគេខ្លះស្នាក់នៅបណ្តោះអាសន្នជាមួយសាច់ញាតិ និងមិត្តភក្តិ ខណៈដែលអ្នកផ្សេងទៀតត្រូវបានបញ្ជូនទៅកន្លែងតាំងទីលំនៅថ្មី។
ចំហេះព្រៃបានចាប់ផ្តើមនៅម៉ោងប្រហែល ៤:០០ ល្ងាចកាលពីថ្ងៃសុក្រ នៅជិតភូមិ ប៉ៃជឺ (Baizi) ក្នុងស្រុក យ៉ាជាំង (Yajiang) នៃខេត្តស្វយ័តទីបេ ហ្កាជឺ (Garze)។ ខ្យល់កន្ត្រាក់បានបោកបក់មកលើទីតាំងចំហេះនៅម៉ោងប្រហែល ០១:៣០ រំលងអាធ្រាតថ្ងៃអាទិត្យ បណ្តាលឱ្យភ្លើងឆេះរាលដាលយ៉ាងលឿនលើជួរភ្នំជាច្រើនក្នុងទិសដៅជាច្រើន បណ្តាលឱ្យមានការឆាបឆេះទីតាំងសំខាន់ៗចំនួន ៣ កន្លែង។
អាជ្ញាធរមូលដ្ឋានបានជម្លៀសប្រជាជន ដែលរងផលប៉ះពាល់ទៅកាន់តំបន់សុវត្ថិភាពយ៉ាងឆាប់រហ័ស និងបានរៀបចំការតាំងទីលំនៅថ្មីចំនួនប្រាំបីទីតាំង ហើយបានបញ្ជូនអាហារដូចជានំប៉័ង និងអាហារប្រអប់ទៅឲ្យប្រជាពលរដ្ឋដែលរងគ្រោះ ដោយធានាថាពួកគេមានអាហារក្តៅ និងទឹកក្តៅ ព្រមទាំងទទួលបានការព្យាបាល។
តំបន់ចំហេះរបស់ស្រុក យ៉ាជាំង ស្ថិតនៅលើជម្រាលដ៏ចោត ដែលធ្វើឲ្យពិបាកក្នុងការដឹកជញ្ជូនឧបករណ៍ពន្លត់អគ្គិភ័យ។ អាកាសធាតុស្ងួតនាពេលថ្មីៗនេះ ដំណាំដែលអាចឆាបឆេះ និងខ្យល់បក់ខ្លាំង សុទ្ធតែបង្កបញ្ហាប្រឈមបន្ថែមដល់អ្នកពន្លត់អគ្គិភ័យ៕