
តម្លៃប្រេងបានហក់ឡើងបន្តិចក្នុងការជួញដូរដំបូង នៅអាស៊ី នាព្រឹកថ្ងៃចន្ទ (ទី១៨ ខែមីនា) នេះ ដោយរក្សាការឡើងថ្លៃបន្តពីសប្តាហ៍មុន នៅពេលដែលតម្លៃបានឡើងជិត ៤ភាគរយ ដោយសារការផ្គត់ផ្គង់កំពុងត្រូវបានរឹតបន្តឹង។
សម្រាប់ការជូញដូរដំបូងនេះ ឃើញថា តម្លៃហ៊ុនរបស់ប្រេងឆៅម៉ាក Brent សម្រាប់ការចែកចាយនៅខែឧសភា បានឡើង ៣សេន ពោលគឺ ៨៥,៣៧ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ០០:៤៥ ម៉ោងសកល។ កិច្ចសន្យាទិញដូរ នៅខែមេសា សម្រាប់ប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានឡើង ១០សេន ពោលគឺឡើងដល់ ៨១,១៤ដុល្លារ ក្នុងមួយបារ៉ែល។
ជាមួយគ្នានេះ នៅក្នុងកំណត់ត្រាមួយដោយចង្អុលបង្ហាញទៅដល់យុទ្ធនាការបង្កើនការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី កាលពីសប្តាហ៍មុន បណ្ដាអ្នកវិភាគមកពីធនាគារ ANZ នៅប្រទេសអូស្ត្រាលី បានសរសេរថា៖ «ហានិភ័យភូមិសាស្ត្រនយោបាយ ក៏នៅតែមានការកើនឡើងផងដែរ»។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ការវាយប្រហារមួយបានបង្កឲ្យមានអគ្គិភ័យមួយស្របក់នៅឯរោងចក្រចម្រាញ់ប្រេង Slavyansk នៅទីក្រុង Kasnodar របស់រុស្សី ដែលដំណើរការផលិតប្រេងឆៅ ៨,៥លានតោន ក្នុងមួយឆ្នាំ ឬ ១៧០.០០០ធុង ក្នុងមួយថ្ងៃ។ ការវិភាគរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានរកឃើញថា ការវាយប្រហារបានបង្អាក់ដំណើរការប្រមាណជា ៧ភាគរយនៃសមត្ថភាពចម្រាញ់របស់រុស្ស៊ី នៅក្នុងត្រីមាសទី១។
នៅតំបន់មជ្ឈិមបូព៌ាឯណោះវិញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ (ទី១៧ ខែមីនា) ថា លោកនឹងបន្តផែនការចូលទៅក្នុងទីក្រុង Rafah នៃតំបន់ហ្កាហ្សា ជាទីដែលជនភៀសខ្លួនជាង ១លាននាក់កំពុងស្នាក់នៅ ដោយការសម្រេចនោះប្រឆាំងនឹងសម្ពាធពីសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល៕