បាល់ទាត់៖ អ្នកចាំទីដែលគេហៅថា វិរៈបុរសរបស់អ៊ីតាលីឈ្នះជើងឯក Euro ២០២០ Gianluigi Donnarumma បានបំពេញរួចរាល់ក្នុងការផ្ទេរផ្លូវការពី AC Milan មកកាន់ Paris Saint Germain។ ការផ្ទេរនេះ PSG មិនបានចំណាយលុយអ្វីឡើយ បន្ទាប់ពីកិច្ចសន្យារបស់កីឡាករវ័យ ២២ឆ្នាំរូបនេះអស់សុពលភាពជាមួយ AC Milan។

Donnarumma គឺជាកីឡាករឆ្នើមបំផុតប្រចាំ Euro ២០២០ បន្ទាប់ពីរូបគេគឺជាអ្នកសង្គ្រោះបាល់ ១១ម៉ែត្រកាត់សេចក្តី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយកឈ្នះអេស្ប៉ាញ និងវគ្គផ្តាច់ព្រ័ត្រយកឈ្នះអង់គ្លេស។ អ្នកចាំទីបច្ចុប្បន្ន Kaylor Navas នឹងឈានចូលវ័យ ៣៥ឆ្នាំនៅខែធ្នូខាងមុខនេះហើយ ខណៈក្លិបកំពុងស្វែងរកអ្នកចាំទីជួរមុខបន្តពីកីឡាករកូស្តារីការូបនេះ។ Gianluigi Donnarumma គឺជាកីឡាករដែលចេញពីថ្នាលយុវជនរបស់ AC Milan និងបានចូលលេងក្រុមធំតាំងពីឆ្នាំ២០១៥ បង្ហាញខ្លួនបានសរុប ២១៥ប្រកួត និងជាប់ជាកីឡាករជំរើសជាតិអ៊ីតាលីពីឆ្នាំ២០១៦ បង្ហាញខ្លួនបាន ២៧លើក៕
អត្តបទ៖នាង សុភាវុធ