
ទីភ្នាក់ងារសារព័ត៌មានរដ្ឋាភិបាលប្រេស៊ីល បានរាយការណ៍ថា ទីក្រុង Rio បានបង្កើតកំណត់ត្រាថ្មីនៃការមានអារម្មណ៍ក្ដៅបំផុត បន្ទាប់ពីតំបន់មួយនៅភាគខាងលិច គឺតំបន់ Guaratiba បានកត់ត្រាសីតុណ្ហភាព ៦២,៣អង្សាសេ កាលពីព្រឹកថ្ងៃអាទិត្យ (ទី១៧ ខែមីនា)។
មជ្ឈមណ្ឌលប្រតិបត្តិការក្រុង Rio (COR) បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា នេះគឺជាការមានអារម្មណ៍ក្ដៅបំផុត ដែលត្រូវបានកត់ត្រា ចាប់តាំងពីប្រព័ន្ធប្រកាសអាសន្នទីក្រុង Rio បានចាប់ផ្តើមធ្វើការវាស់វែង នៅក្នុងឆ្នាំ២០១៤។
អ្នកស្រុកបាននាំគ្នាសម្រុកទៅកាន់ឆ្នេរ និងអាងហែលទឹក ដើម្បីព្យាយាមជួយបន្ធូរបន្ថយកកម្ដៅខ្លះ ខណៈអ្នកផ្សេងទៀតបាននិយាយថា ពេលខ្លះមិនមានទឹកគ្រប់គ្រាន់ ដើម្បីផឹក ឬងូតនោះឡើយ ចំពេលមានកម្ដៅក្ដៅខ្លាំងនេះ។
បើយោងតាមរបាយការណ៍របស់ COR បានឲ្យដឹងថា «ការមានអារម្មណ៍ក្ដៅខ្លាំងនេះ គឺជាសន្ទស្សន៍កម្ដៅដែលត្រូវបានគណនាពីទិន្នន័យសីតុណ្ហភាព និងសំណើមបរិយកាសប្រែប្រួល។ សីតុណ្ហភាព និងសំណើមបរិកាកាសប្រែប្រួលកាន់តែខ្ពស់ ការមានអារម្មណ៍ក៏កាន់តែក្ដៅដែរ នៅក្នុងតំបន់នោះ»។
COR បានបន្ថែមទៀតថា តំបន់ Guaratiba ងាយនឹងមានសីតុណ្ហភាពខ្ពស់ ដោយសារតែវានៅជិតមហាសមុទ្រ និងខ្យល់បក់ដ៏ក្ដៅពីភាគខាងជើងដែលបានវាយប្រហារតំបន់នោះ៕