
អាជ្ញាធរស្លូវេនី កាលពីថ្ងៃអាទិត្យ (ទី១៧ មីនា) បានបំផ្ទុះដោយជោគជ័យនូវគ្រាប់បែកពីលើអាកាសក្នុងសម័យសង្គ្រាមលោកលើកទី២ និងបានដោះបន្សាបគ្រាប់បែក ២គ្រាប់ផ្សេងទៀត ដែលត្រូវបានរកឃើញអំឡុងពេលធ្វើការជួសជុលនៅស្ថានីយរថភ្លើង Nova Gorica ក្បែរព្រំដែនប្រទេសអ៊ីតាលី។
គ្រាប់បែកទម្ងន់ ១០០គីឡូក្រាមដែលត្រូវបានរកឃើញនៅចុងភាគខាងជើង នៅក្រោមផ្លូវរថភ្លើង ត្រូវបានចុចបំផ្ទុះបំផ្លាញចោល នៅតំបន់ដាច់ស្រយាល ខណៈដែលគ្រាប់បែកនៅសល់ ២គ្រាប់ ត្រូវបានផ្លាស់ប្តូរទីតាំងដោយសុវត្ថិភាពទៅកាន់កន្លែងហ្វឹកហាត់ក្បែរនោះ ដើម្បីកម្ទេចចោល។
អ្នកស្រុកដែលរស់នៅក្នុងរង្វង់ចម្ងាយ ៤០០ម៉ែត្រ តម្រូវឲ្យជម្លៀសចេញ ហើយអ្នកផ្សេងទៀត ក្នុងនោះរួមទាំងអ្នកដែលរស់នៅខាងប្រទេសអ៊ីតាលីផងដែរ ត្រូវបានណែនាំឲ្យស្នាក់នៅតែក្នុងផ្ទះនៅពេលដែលគ្រាប់បែកទាំងនោះត្រូវបានបំផ្ទុះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មនុស្សជាង ២.៣០០នាក់ ត្រូវបានជម្លៀសចេញ។ ស្ថានីយរថភ្លើង Nova Gorica គឺតែងក្លាយជាគោលដៅ ក្នុងកំឡុងសង្គ្រាមលោកលើកទី២ ដោយមានការប៉ាន់ស្មានថា គ្រាប់បែកចំនួន ៦០០គ្រាប់ ត្រូវបានរាយការណ៍ថា បានទម្លាក់នៅលើទីតាំងនោះ៕