
ប្រធានាធិបតីអាស៊ែរបៃហ្សង់ លោក Ilham Aliyev បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោកគឺ «កាន់តែកៀកជាងពេលណាៗទាំងអស់» ចំពោះសន្តិភាពជាមួយអាមេនី កន្លះឆ្នាំបន្ទាប់ពី អាស៊ែរបៃហ្សង់ បានដណ្តើមយកតំបន់ការ៉ាបាក់( Karabakh) របស់ខ្លួនមកវិញពីជនជាតិភាគតិចអាមេនី ដែលជំរុញឲ្យជនជាតិអាមេនីដ៏ច្រើនរត់ភៀសខ្លួន។
លោក Aliyev បានថ្លែងនៅក្នុងសុន្ទរកថាបន្ទាប់ពីជួបជាមួយអគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg) នៅទីក្រុងបាគូថា៖«ថ្ងៃនេះ យើងស្ថិតក្នុងដំណាក់កាលសកម្មនៃកិច្ចចរចាសន្តិភាពជាមួយប្រទេសអាមេនី» នេះបើយោងតាមឯកសារដែលត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់មេដឹកនាំអាស៊ែបៃហ្សង់។
«ឥឡូវនេះ យើងខិតជិតសន្តិភាពជាងពេលមុនៗទៅទៀត»។
លោកស្តូលថិនប៊ឺក បាននិយាយថា លោកស្វាគមន៍ចំពោះការសម្រេចចិត្តឆ្ពោះទៅរកសន្តិភាពរវាងប្រទេសទាំងពីរ។
លោកបាននិយាយថា៖«ខ្ញុំពេញចិត្តចំពោះអ្វីដែលអ្នកនិយាយថា អ្នកខិតទៅជិតកិច្ចព្រមព្រៀងសន្តិភាពជាងពេលមុនៗទាំង» នេះបើយោងតាមឯកសារដែលបានចេញផ្សាយនៅលើគេហទំព័ររបស់អង្គការ ណាតូ។
«ចំណែកខ្ញុំគ្រាន់តែអាចលើកទឹកចិត្តអ្នកឲ្យចាប់យកឱកាសនេះ ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងជាមួយអាមេនីប៉ុណ្ណោះ»។