
យោធាចិន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃអាទិត្យ បានចោទប្រកាន់សហរដ្ឋអាមេរិកពីការគំរាមកំហែងសន្តិសុខពិភពលោក ប៉ុន្មានថ្ងៃបន្ទាប់ពីរបាយការណ៍របស់សារព័ត៌មានរ៉យទ័រ ដែលបានរកឃើញថា ក្រុមហ៊ុន SpaceX របស់លោក Elon Musk កំពុងសាងសង់ផ្កាយរណបចារកម្មរាប់រយសម្រាប់ទីភ្នាក់ងារចារកម្មរបស់សហរដ្ឋអាមេរិក។
សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់ប្រភពចំនួន៥ដែលដឹងអំពីកម្មវិធីនេះថា អង្គភាព Starshield របស់ក្រុមហ៊ុន SpaceX កំពុងអភិវឌ្ឍន៍បណ្តាញផ្កាយរណប ក្រោមកិច្ចសន្យាតម្លៃ ១,៨ពាន់លានដុល្លារ ជាមួយការិយាល័យស្រាវជ្រាវជាតិ(NRO)។
គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគ្រប់គ្រងដោយកងទ័ពរំដោះប្រជាជន (PLA) បាននិយាយថា កម្មវិធី របស់ក្រុមហ៊ុន SpaceX បានលាតត្រដាងពី«ភាពគ្មានការអៀនខ្មាស និងស្តង់ដាពីរ របស់សហរដ្ឋអាមេរិក ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាចិនថា បានគំរាមកំហែងសន្តិសុខសហរដ្ឋអាមេរិកនោះ។
Junzhengping ជាគណនីមួយដែលគ្រប់គ្រងដោយកងទ័ពរំដោះប្រជាជន (PLA) បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo កាលពីថ្ងៃអាទិត្យថា៖«យើងជំរុញឲ្យក្រុមហ៊ុនអាមេរិក កុំជួយមនុស្សអាក្រក់ធ្វើអំពើអាក្រក់»។ គណនីនេះ មានអ្នកតាមដានចំនួន ១,១លាននាក់។
សារបង្ហោះ បានបញ្ជាក់ថា៖«ប្រទេសទាំងអស់នៅទូទាំងពិភពលោក គួរតែមានការប្រុងប្រយ័ត្ន និងការការពារប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខថ្មី និងកាន់តែធំដែលបង្កើតឡើងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក»។
លោក Wang Yanan ដែលជានិពន្ធនាយកនៃទស្សនាវដ្តី Aerospace Knowledge ជាទស្សនាវដ្តីដែលគ្រប់គ្រងដោយគណបក្សកុម្មុយនីស្តកំពុងកាន់អំណាច ត្រូវបានដកស្រង់សម្តីនៅក្នុងបទសម្ភាសន៍មួយដោយនិយាយថា គម្រោងផ្កាយរណបរបស់ក្រុម SpaceX បង្កបញ្ហាប្រឈមចំពោះសន្តិសុខ និងស្ថិរភាពពិភព លោក។