ភ្នំពេញ ៖ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា មន្ទីរព្យាបាលចំនួន៩៩ ត្រូវបានបិទ ក្នុងនោះមូលដ្ឋានសុខាភិបាលឯកជន ចំនួន១៤ទីតាំង ឱសថស្ថាន១ ក្រុមហ៊ុនអាហរ័ណ-នីហរ័ណឱសថ២ និងអគារលក់ឱសថបុរាណចំនួន២ ត្រូវបានបិទដោយមានកំហុសឆ្គងធ្ងន់ធ្ងរ។ ឱសថស្ថាន និងក្រុមហ៊ុនអាហរ័ណ-នីហរ័ណឱសថ មួយចំនួនទៀតត្រូវបានតម្រូវឱ្យកែលម្អទៅតាមបទដ្ឋានគតិយុត្តជាធរមាន ចាប់ពីដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាល។
ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល យ៉ាងដូច្នេះក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពវិស័យសុខាភិបាលនាពេលចាប់ផ្តើមរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា រហូតដល់បច្ចុប្បន្ន នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ។ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត កិច្ចការនិយ័តកម្មសេវាសុខាភិបាល នេះជាការកិច្ចអាទិភាព ហើយជាការជួយធ្វើយ៉ាងណាឲ្យសេវាសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងសេវាសាធារណៈ ទាំងសេវាឯកជន ដើរទន្ទឹមគ្នាហើយស្ថិតនៅក្នុងនិយាមប្រតិបតិ្តបានល្អ ស្របជាមួយនឹងស្ថានភាពរបស់ប្រទេសយើង។
ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត បានលើកឡើងទៀតថា ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានដល់សាធារណជន និងរដ្ឋបាលរាជធានី-ខេត្ត ស្តីពីការចែកចាយ និងផ្សព្វផ្សាយ លក់ឱសថ ឧបករណ៍បរិក្ខារពេទ្យ គ្រឿងសម្អាង គ្មានលេខបញ្ជីកា ឬលេខប្រវេសន៍ ឬក្លែងក្លាយ ដែលក្នុងនោះមានផលិតផលសុខភាព ២៣ មុខ ត្រូវបានហាមឃាត់មិនអនុញ្ញាតឱ្យចរាចរនៅលើទីផ្សារ។ តាមដានត្រួតពិនិត្យការផ្សព្វផ្សាយផលិតផលសុខភាព មិនស្របច្បាប់តាមបណ្តាញទំនាក់ទំនងសង្គម ចំនួន ៤២ ករណី។បានចុះត្រួតពិនិត្យឱសថស្ថាន និងឱសថស្ថានរង តាមបណ្តារាជធានី-ខេត្ត ចំនួន ១៧១ កន្លែង ដើម្បី បញ្ជាក់ពីភាពត្រឹមត្រូវ និងកែលំអ ព្រមទាំងវាយតម្លៃជំហានបន្ទាប់។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជម្រាបជូនពីផែនការ សម្រាប់ការអនុវត្តវិធានគន្លឹះសុខាភិបាលដូចខាងក្រោម៖ កែលម្អឱ្យប្រសើរឡើងជាលំដាប់ នូវគុណភាពសេវានៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកគ្រប់កម្រិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការរំពឹងទុករបស់ប្រជាជន។ ប្រជាជនត្រូវទទួលបានសេវាសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ត្រឹមត្រូវ ទាន់ពេលវេលា ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ដល់អាយុជីវិត។ ពង្រឹងជាប្រចាំនូវសមត្ថភាពផ្តល់សេវាថែទាំសុខភាពនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ជាពិសេសធានានូវដំណើរការផ្តល់សេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ ក្នុង១សប្តាហ៍ និងការលើកកម្ពស់ការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈ។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានបង្ហាញពីទស្សនទានវិស័យសុខាភិបាល ដោយបានសង្កត់ធ្ងន់ថា កិច្ចការទាំងអស់នេះ គឺជាភារកិច្ចសំខាន់បំផុតដែលថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវតែប្តេជ្ញាចិត្តអនុវត្តឱ្យបានជាជំហានបន្តបន្ទាប់ ដើម្បីសម្រេចបានកម្មវិធីគោលនយោបាយអាទិភាពវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឱ្យ ទទួលបានលទ្ធផលថ្មីៗបន្ថែមទៀតក្នុងឆ្នាំ២០២៤ និងបណ្តាឆ្នាំខាងមុខ៕
អត្ថបទ៖ រដ្ឋា




