
វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី១៨ ខែមីនា) នេះ បាននិយាយថា ការជាប់ឆ្នោតឡើងវិញរបស់ប្រធានាធិបតី លោក Vladimir Putin បង្ហាញថា ប្រជាជនរុស្ស៊ីបានរួបរួមគ្នានៅជុំវិញរូបលោក ហើយថា ទីក្រុងមូស្គូមិនចាប់អារម្មណ៍នឹងការរិះគន់របស់ទីក្រុងវ៉ាស៊ីនតោននោះទេ ដ្បិតសហរដ្ឋអាមេរិកកំពុងមានសង្គ្រាមជាមួយរុស្ស៊ី នៅប្រទេសអ៊ុយក្រែន។
គួរបញ្ជាក់ថា យោងតាមលទ្ធផលផ្លូវការ បន្ទាប់ពីការរាប់សន្លឹកឆ្នោតស្ទើរតែគ្រប់អស់ហើយនោះ បានបង្ហាញឲ្យឃើញថា លោក Putin បានទទួលសំឡេងគាំទ្រ ៨៧ភាគរយ ឬ ៧៦លានសន្លឹកឆ្នោត ជាសំឡេងដ៏ច្រើនលើសលប់បំផុត នៅក្នុងប្រវត្តិសាស្ត្ររុស្ស៊ី ក្រោយសម័យសហភាពសូវៀត។ ហើយអ្នកចេញទៅបោះឆ្នោត មានចំនួនច្រើនជាង ៧៧ភាគរយនោះ ក៏ជាចំនួនដ៏ច្រើនបំផុតផងដែរ នៅក្នុងប្រវត្តិសាស្ត្ររបស់រុស្ស៊ី ក្រោយសម័យសហភាពសូវៀត។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «នេះគឺជាការបញ្ជាក់យ៉ាងច្បាស់លាស់បំផុតអំពីកម្រិតនៃការគាំទ្រពីសំណាក់ប្រជាជនរបស់ប្រទេសនេះ ចំពោះប្រធានាធិបតីរបស់ខ្លួន និងការរួបរួមគ្នា នៅជុំវិញរូបលោក»។
សេតវិមានបានលើកឡើងថា ការបោះឆ្នោតរបស់រុស្ស៊ី គឺ «ជាក់ស្តែងមិនសេរី និងយុត្តិធម៌» នោះឡើយ ខណៈដែលលោក Putin បានចាប់គូប្រជែងរបស់លោកដាក់ពន្ធនាគារ និងរារាំងអ្នកផ្សេងទៀតមិនឲ្យឈរឈ្មោះប្រជែងនឹងរូបលោក។
តែលោក Peskov បាននិយាយថា ប្រសិនបើលោកខាងលិចចង់និយាយអំពីភាពមិនស្របច្បាប់នៃការបោះឆ្នោតរុស្ស៊ី ពួកគេនឹងលើកឡើងថា ៨៧ភាគរយនៃសន្លឹកឆ្នោតដែលបោះគាំទ្រលោក Putin គឺមិនស្របច្បាប់ ជាអ្វីមួយដែលលោកនិយាយថា នឹងជារឿងគួរឲ្យអស់សំណើចណាស់។ លោក Peskov បាននិយាយថា៖ «ការនិយាយបែបនេះគឺមិនសមហេតុផលឡើយ»៕