សៀមរាប ៖ នៅព្រឹកថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋជាច្រើនកុះករ បានទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវី១៩ ពីរាជរដ្ឋាភិបាល បន្ទាប់ពីអាជ្ញាធរខេត្ដសៀមរាប ផ្ដល់វ៉ាក់សាំងជូនពលរដ្ឋក្នុងក្រុងរយៈពេល១៤ថ្ងៃ។
លោក សយ សីហា មេឃុំត្រពាំងធំ ស្រុកប្រាសាទបាគង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋរបស់ខ្លួន ខណៈដែលតំបន់របស់លោកគ្រប់គ្រង មានអ្នកឆ្លងជំងឺកូវីដ១៩ ជាច្រើន និងមានម្នាក់ស្លាប់ផងដែរ។
លោកបានបន្ដថា ប្រជាពលរដ្ឋនៅឃុំត្រពាំងធំ ដែលមានអាយុឆ្នាំ១៨ឡើងទៅត្រូវបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានជិត៦ពាន់នាក់ ដែលមានស្មើ នឹង៩ភូមិ។លោក បានបន្ដថា ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ធ្វើឡើងចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១ថ្ងៃ និងចាប់ពីម៉ោង១រសៀលដល់ម៉ោង៤ល្ងាចចាប់ពីថ្ងៃទី១៥ ខែកក្កដានេះ ដែលមានក្រុមគ្រូពេទ្យជួយផ្ដល់វ៉ាក់ និងជួយសម្របសម្រួលជាង២០នាក់ មកពីតំបន់ប្រតិបត្ដិការសឹករងខេត្ដកំពង់ធំ របស់យោធភូមិភាគទី៤ ។
លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្ដសៀមរាប មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមានអាយុត្រូវបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងស្រុកនេះ មានចំនួនជាង៥ម៉ឺននាក់ ហើយទីតាំងកន្លែងចាក់វ៉ាក់សាំងមានចំនួន៩ទីតាំង និងក្រុមគ្រូពេទ្យមានជាង១០០នាក់ មកយោភូមិភាគទី៤។
លោក បានបន្ដថា ក្រុមការងារចម្រុះបានរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅដែលរស់នៅស្រុកប្រាសាទបាគង រួមមាន នៅទីរួមស្រុកប្រាសាទបាគង មានទីតាំងស្ថិតក្នុងបរិវេណអនុវិទ្យាល័យហ៊ុន សែន រលួស និង៨ទីតាំងទៀត នៅតាមសាលារៀនក្នុងឃុំដែលបានរៀបចំសម្រាប់ឲ្យពលរដ្ឋនៅមូលដ្ឋានដែលនៅជិតផ្ទះរបស់ពួកគាត់។លោក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការ រក្សាគម្លាតសណ្តាប់ធ្នាប់ នៅទីតាំងចាក់វ៉ាក់សាំង តាមឃុំនីមួយៗ សូមកុំប្រជៀត ដណ្ដើម និងព្យាយាមរុញគ្នា ដើម្បីបានចាក់មុននោះទេ។
សូមជម្រាបថា យុទ្ធនាការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ១៩ នៅតាមស្រុកនៃខេត្ដសៀមរាប នេះ ធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែកក្កដានេះតទៅ ដោយការចាប់ផ្ដើមដំបូងនេះ មានស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម ដោយតាមផែនការ ការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតាមស្រុកទាំងអស់ នៃខេត្ដសៀមរាបមានចំនួនប្រមាណ៣០ម៉ឺននាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ៕
អត្ថបទ ៖ ឈិត សាវី

