
ប្រទេសចិន បានអបអរសាទរលោកវ៉្លាឌីមៀ ពូទីន នៅថ្ងៃច័ន្ទនេះចំពោះការឈ្នះការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ហើយបាននិយាយថា ភាពជាដៃគូរយុទ្ធសាស្រ្ដរវាងប្រទេសទាំងពីរ នឹងនៅតែបន្ដពង្រឹងតទៅទៀត។
លោកពូទីន បានឈ្នះសំឡេងភាគច្រើនលើសលុប ក្រោយសម័យសហភាពសូវៀត នៅក្នុងការបោះឆ្នោតក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ ដោយពង្រឹងបន្ថែមនូវការក្តោបក្តាប់ដ៏តឹងណែនរួចទៅហើយនៅក្នុងជ័យជម្នះដែលលោកនិយាយថា បានបង្ហាញថា ក្រុងម៉ូស្គូ មានសិទ្ធិក្រោកឈរឡើងប្រឆាំងនឹងលោកខាងលិច ហើយត្រូវតែបញ្ជូនទ័ពរបស់ខ្លួនចូលក្នុងប្រទេសអ៊ុយក្រែន។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានរាយការណ៍ថា ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានផ្ញើសារមួយអបអរសារទរលោកពូទីនចំពោះការជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ីរបស់លោកម្ដងទៀត។
ឯកអគ្គរដ្ឋចិនប្រចាំប្រទេស្វីស បាននិយាយនៅក្នុងការផ្ដល់បទសម្ភាសមួយថា ចិននឹងពិចារណាចូលរួមនៅក្នុងសន្និសីទសន្ដិភាពដែលមានគោលបំណងបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ដែលស្វីសជាប្រទេសអព្យាក្រឹតមានផែនការរៀបចំឡើងនៅប៉ុន្មានខែខាងមុខនេះ។
អ្នកនាំពាក្យក្រសួងកាបរទេសចិន លោកលី ជៀន (Li Jian) បានប្រាប់សន្និសីទខ្លីប្រចាំថ្ងៃថា ចិននឹងបន្ដមុខនាទីស្ថាបនាមួយសម្រាប់ជម្លោះតាមផ្លូវនយោបាយ៕