
រដ្ឋមន្ត្រីការបរទេសប៊ុលហ្គារី លោកស្រី Mariya Gabriel របស់គណបក្សកណ្តាលស្តាំនិយម GERB នៅថ្ងៃចន្ទ (ទី១៨ ខែមីនា) នេះ បានយល់ព្រមបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីមានការលាលែងរបស់នាយករដ្ឋមន្ត្រីលោក Nikolai Denkov កាលពីថ្ងៃទី៥ ខែមីនា។
ការលាលែងពីតំណែងរបស់លោក Denkov បានបើកផ្លូវឲ្យគណបក្ស GERB ដឹកនាំរដ្ឋាភិបាលរយៈពេល៩ខែ ដូចដែលបានព្រមព្រៀងគ្នា បន្ទាប់ពីការបោះឆ្នោត កាលពីឆ្នាំមុន។
លោកស្រី Gabriel ដែលជាអតីតស្នងការអឺរ៉ុបទទួលបន្ទុកសេដ្ឋកិច្ចឌីជីថល បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំព្រមទទួលយកអាណត្តិនេះ ដោយស្មារតីទទួលខុសត្រូវ ខណៈប្រទេសប៊ុលហ្គារីត្រូវការស្ថិរភាព»។ ប៉ុន្មាននាទីក្រោយមកលោកស្រីបានប្រាប់អ្នកសារព័ត៌មានថា គណបក្ស «We Continue the Change» (យើងបន្តការផ្លាស់ប្តូរ) បានស្នើសុំរយៈពេល ២៤ម៉ោង ដើម្បីពិភាក្សាលម្អិត។ ហើយលោកស្រីបានប្រាប់ថា៖ «ខ្ញុំសង្ឃឹមថា ក្នុងរយៈពេល ម៉ោងបន្ទាប់ យើងនឹងបញ្ចប់កិច្ចព្រមព្រៀងនេះ យើងមិនមានការខ្វែងគំនិតគ្នាលើអាទិភាពរបស់ប្រទេសនោះទេ»។
គួរបញ្ជាក់ថា គណបក្ស GERB និងប្លុកគាំទ្រលោកខាងលិចដឹកនាំដោយគណបក្ស «We Continue to Change» ដែលតំណាងឲ្យលោក Denkov បានយល់ព្រមកាលពីឆ្នាំមុនថា លោកស្រី Gabriel នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្ទាប់ពីលោក Denkov បញ្ចប់អាណត្តិ ៩ខែរបស់លោក។
កាលពីដើមខែនេះ គណបក្ស GERB បានឲ្យដឹងថា លោកស្រី Gabriel គួរតែរក្សាតំណែងជារដ្ឋមន្ត្រីការបរទេស ខណៈពេលដែលលោកស្រីជានាយករដ្ឋមន្ត្រី ហើយបានស្នើឲ្យមានប្ដូរវេនរៀងរាល់ ១៥ខែម្តងជំនួសឲ្យរយៈពេល ៩ខែនេះ។ សូមរំលឹកថា នៅក្នុងការបោះឆ្នោតកាលពីខែមេសាកន្លងទៅ គណបក្ស GERB ជាគណបក្សទី១ ដោយឈ្នះបាន ៦៩អាសនៈ នៅក្នុងសភាដែលមាន ២៤០អាសនៈ។ ចំណែកប្លុកដែលដឹកនាំដោយគណបក្ស «We Continue to Change» ទទួលបាន ៦៤អាសនៈ៕