
ប្រជាជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សា បានប្រមូលផ្តុំគ្នានៅខាងក្រៅឃ្លាំងរបស់ UNRWA (ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា) នាថ្ងៃច័ន្ទ (ទី១៨ ខែមីនា) នេះ ដើម្បីទទួលបានជំនួយ ដោយហ្វូងមនុស្សដ៏ច្រើនត្រូវបានគេឃើញឈរនៅខាងក្រៅអគារ ខណៈដែលអ្នកខ្លះចាកចេញជាមួយនឹងថង់ពណ៌ស។
ក្នុងខណៈដែលកំពុងឈរនៅក្បែរអាគារនោះ ស្ត្រីម្នាក់បាននិយាយថា៖ «មនុស្សកំពុងស្រេកឃ្លានណាស់។ មនុស្សនឹងស្លាប់។ ពួកគេកំពុងសម្លាប់មនុស្ស ដើម្បីម្សៅ ៥គីឡូក្រាម»។
ដោយសង្រ្គាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ឥឡូវនេះស្ថិតនៅក្នុងខែទី៦ ភ្នាក់ងារជំនួយ បានព្រមានថា តំបន់ខ្លះនៃតំបន់ហ្កាហ្សាប្រឈមនឹងគ្រោះទុរ្ភិក្សរួចហើយ ដោយមន្ទីរពេទ្យនៅភាគខាងជើង បានរាយការណ៍ថា កុមារបានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ និងការខ្សោះជាតិទឹក។
ក្រសួងសុខាភិបាលហ្កាហ្សាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទនេះថា ប្រជាជនប៉ាឡេស្ទីនជាង ៣១.៧២៦នាក់ ត្រូវបានសម្លាប់ ហើយ ៧៣.៧៩២នាក់ បានរងរបួសនៅក្នុងការវាយលុករបស់យោធាអ៊ីស្រាអែលលើតំបន់ហ្កាហ្សា គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ពោលគឺជាថ្ងៃដែលអ៊ីស្រាអែល បានប្រាប់ថា ក្រុមហាម៉ាសបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់ជាចំណាប់ថ្នូរ ២៥៣នាក់ នៅក្នុងការវាយប្រហារ ដែលមិនធ្លាប់មានពីមុនមករបស់ក្រុមសកម្មប្រយុទ្ធនេះ៕