
សមាជិកនៃក្រុមសកម្មជនអាកាសធាតុឈ្មោះ Extinction Rebellion បាននាំគ្នាតវ៉ានៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ទូរទស្សន៍អង់គ្លេស GB News នៅទីក្រុងឡុងដ្រ៍ នាថ្ងៃចន្ទ (ទី១៨ មីនា) នេះ។
បាតុករបានបាញ់ថ្នាំពណ៌ខ្មៅដែលតំណាងឲ្យប្រេងដាក់អគារទីស្នាក់ការនោះ ហើយបានបិទច្រកចូលដោយប្រើដែកចងខ្វែងគ្នាចំនួន៣។ អ្នកតវ៉ាពាក់ម៉ាស់ម្នាក់ ដែលអង្គុយលើជើងដែកនោះ បានកាន់រូបអាយ៉ងមួយដែលមានអាវកាក់ Union Jack ជានិមិត្តរូបនៃអ្វីដែលក្រុមនេះបាននិយាយថា «ការទូទាត់ឥន្ធនៈហ្វូស៊ីល» ដែលប្រព័ន្ធផ្សព្វផ្សាយទទួលបាន។
ក្រុម Extinction Rebellion និយាយថា ខ្លួនចង់បានការឆ្លើយតបជាបន្ទាន់ពីរដ្ឋាភិបាល និងការផ្លាស់ប្តូរទ្រង់ទ្រាយធំចេញពីឧស្សាហកម្មបង្កកខ្វក់ ដើម្បីបញ្ចៀសសេណារីយោដ៏អាក្រក់បំផុតនៃការបំផ្លិចបំផ្លាញដែលត្រូវបានគូសបញ្ជាក់ដោយអ្នកវិទ្យាសាស្ត្រ៕