ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំកម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិ ដែលមានអ្នកចូលរួមប្រមាណ ៤០០នាក់ រួមមាន ឯកអគ្គរាជទូត រដ្ឋទូត មន្រ្តីការទូត ក្រុមហ៊ុន សាធារណជនកូរ៉េ និងសហគមខ្មែររស់នៅប្រទេសកូរ៉េផងដែរ ។
កម្មវិធីនេះបានប្រារព្ធឡើង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ដោយលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង មានប្រសាសន៍ថា កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងអបអរសាទរទិវាវប្បធម៌ជាតិ លើកទី២៦ ក៏ដូចជាផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ទៅកាន់បរទេស ហើយកម្មវិធីនេះមានការតាំងបង្ហាញសម្ភារវប្បធម៌ គ្រឿងចម្លាក់ ផលិតផលបុរាណ កន្សែងសូត្រ គំនូរ និងផលិតផលខ្មែរផ្សេងទៀត ។
លោកជំទាវ បានបន្ថែមថា ស្ថានទូតក៏បានរៀបចំអាហារ បង្អែម និងភេសជ្ជៈខ្មែរ ដើម្បីឱ្យជនបរទេសភ្លក់ ហើយក្រៅពីការតាំងបង្ហាញ នៅក្នុងកម្មវិធី ក៏មានសកម្មភាពផ្សេងៗទៀតដូចជាការសម្តែងរបាំគែន ការសម្តែងគុនល្បុកតោ ការលេងល្បែងប្រជាប្រិយខ្មែរ និងរាំកម្សាន្តជាមួយតន្រ្តីបុរាណ និងសម័យខ្មែរផងដែរ ។
លោកជំទាវ ជ្រឹង បុទុមរង្សី បានបញ្ជាក់ថា កម្មវិធីបានប្រព្រឹត្តទៅយ៉ាងជោគជ័យ និងដោយភាពរីករាយ ហើយអ្នកចូលរួមបានស្វែងយល់អំពីវប្បធម៌ និងអរិយធម៌ខ្មែរ មិនត្រឹមតែប៉ុណ្ណោះ ក៏សង្កេតឃើញថា នេះជាការជួបជុំដ៏ល្អមួយ ដែលបានផ្តល់ឱកាសដល់បងប្អូនខ្មែរជួបជុំ បង្កើនភាពជិតស្និត និងបង្កើតការសប្បាយរីករាយ ៕ អត្ថបទ បាន សុខរិទ្ធិ












