រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានថ្កោលទោសចំពោះការផ្គត់ផ្គង់សព្វាវុធពីប្រទេសកូរ៉េខាងជើងដល់ប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទ ទី១៨ ខែមីនា បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពី «ការរំសាយអាវុធនុយក្លេអ៊ែរ និងការមិនរីកសាយអាវុធនុយក្លេអ៊ែរ»។

លោកស្រី Kamikawa បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា មីស៊ីលបាលីស្ទីកផលិតនៅកូរ៉េខាងជើង បាញ់ចូលទៅប្រទេសអ៊ុយក្រែន ដោយរុស្ស៊ី គឺពិតជាមិនអាចទទួលយកបាននោះទេ។

លោកស្រី Kamikawa បានបញ្ជាក់ថា ប្រទេសជប៉ុន ជាប្រទេសតែមួយគត់ ជាជនរងគ្រោះនៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ហើយការគំរាមកំហែងនិងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី មិនគួរឲ្យកើតឡើងទៀតឡើយ។
លោកស្រី ក៏បានប្រកាសពីការបង្កើតក្រុម FMCT Friends ជាក្រុមអន្តេរតំបន់ដោយមានការចូលរួមពីរដ្ឋមានអាវុធនុយក្លេអ៊ែរ និងរដ្ឋគ្មានអាវុធនុយក្លេអ៊ែរ រួមមាន ប្រទេសអូស្ត្រាលី ប្រេស៊ីល កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហូឡង់ នីហ្សេរីយ៉ា ហ្វីលីពីន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
ក្រុមនេះ មានបំណងរក្សា និងបង្កើនការយកចិត្តទុកដាក់ផ្នែកនយោបាយលើក្រុម FMCT (សន្ធិសញ្ញាកាត់ផ្តាច់វត្ថុធាតុបំផ្ទុះបរមាណូ) នេះបើយោងតាមក្រសួងការបរទេសជប៉ុន។