មនុស្សយ៉ាងតិច១០នាក់ ត្រូវបានសម្លាប់នៅជាយក្រុងដ៏សម្បូរទ្រព្យស្តុកស្តម្ភនៃរដ្ឋធានីរបស់ប្រទេសហៃទី កាលពីថ្ងៃច័ន្ទ (១៨ មីនា) និងមានការរាយការណ៍ពីការលួចទ្រព្យសម្បត្តិ ហើយនិងឧបករណ៍អគ្គិសនី ដែលបានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល ខណៈដែលសកម្មភាពគ្មានច្បាប់បានរីករាលដាលដល់តំបន់អ្នកមានទាំងនេះ ហើយក្រុមជនអន្ធពាលបានរឹតបន្តឹងការកាន់កាប់ទីក្រុងកាន់តែខ្លាំងឡើង។

សាក្សីសាររព័ត៌មាន រ៉យទ័រ ម្នាក់បានឃើញសាកសពមនុស្សយ៉ាងហោចណាស់ ១០ នាក់ ដែលសាកសពខ្លះមានរបួសគ្រាប់កាំភ្លើងកាលពីព្រឹកថ្ងៃច័ន្ទ នៅតាមដងផ្លូវ ប៉េតុងវីល (Petion-Ville) ជាយរដ្ឋធានី ព័រអូប្រាំង ហើយអាជ្ញាធរមិនបានធ្វើអត្ថាធិប្បាយអំពីព្រឹត្តិការណ៍ជុំវិញការស្លាប់នោះទេ។

ក្រុមជនអន្ធពាលប្រដាប់អាវុធ ដែលបាននិងកំពុងបង្កើនអំណាចរបស់ពួកគេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានទាញយកប្រយោជន៍ពីការអវត្តមានកាលពីដើមខែនេះរបស់នាយករដ្ឋមន្ត្រីដែលលាលែងពីតំណែង លោក អារីយែល ហុងរី (Ariel Henry) ហើយបង្កើនអំពើហិង្សា ដោយវាយលុកហេដ្ឋារចនាសម្ព័ន្ធរួមទាំងស្ថានីយ៍នគរបាល និងការិយាល័យរដ្ឋាភិបាល។

ដោយស្ថិតក្រោមសម្ពាធអន្តរជាតិ និងជាប់គាំងនៅដែនដីព័រតូរីកូ លោក ហុងរី បានប្រកាសលាលែងពីតំណែងដោយរង់ចាំការតែងតាំងក្រុមប្រឹក្សា និងការជំនួសបណ្តោះអាសន្នកាលពីមួយសប្តាហ៍មុន ប៉ុន្តែក្រុមប្រឹក្សាអន្តរកាលមិនទាន់ត្រូវបានតែងតាំងនៅឡើយ ស្របពេលមានការខ្វែងគំនិតគ្នាដោយក្រុមមួយចំនួនក្នុងការរើសតំណាងរបស់ខ្លួន៕