ក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ (១៨ មីនា) បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងមួយដើម្បីបង្កើនការគាំទ្ររបស់សហភាពអឺរ៉ុប សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនចំនួន ៥ ពាន់លានអឺរ៉ូ (៥,៤៤ ពាន់លានដុល្លារ) តាមរយៈមូលនិធិជំនួយពិសេសមួយ។

ក្រុមប្រឹក្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដដែលថា ការបន្ថែមទឹកប្រាក់ចំនួន ៥ ពាន់លានអឺរ៉ូដែលត្រូវបានអនុម័តកាលពីថ្ងៃចន្ទនេះ មានន័យថាកម្រិតមូលនិធិឥឡូវនេះត្រូវបានកំណត់នៅ ១៧ ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំ ២០២១ ដល់ ២០២៧។

ការបន្ថែមសាច់ប្រាក់នេះកើតឡើងស្របពេលមានការព្រមានថា កងកម្លាំងរបស់ទីក្រុងគីវ ត្រូវការធនធានបន្ថែមទៀត ដើម្បីអាចទប់ទល់នឹងកងទ័ពរុស្ស៊ីបាន ហើយខណៈដែលកញ្ចប់ថវិកាចំនួន ៦០ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន កំពុងត្រូវបានរារាំងដោយសភាសហរដ្ឋអាមេរិក។

សហភាពអឺរ៉ុបបាននិយាយថា ថវិកានេះនឹងផ្តល់មូលនិធិដល់ការហ្វឹកហ្វឺន គ្រឿងយុទ្ធោបករណ៍ដ៍ខ្លាំងក្លា និងយុទ្ធោបករណ៍ដែលមិនបង្កគ្រោះថ្នាក់។ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក រ៉ាដូស្លាវ ស៊ីខូស្គី (Radoslaw Sikorski) បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះថា កញ្ចប់ថវិកានោះក៏នឹងត្រូវប្រើដើម្បីសងប្រាក់រដ្ឋសមាជិកវិញសម្រាប់ការផ្គត់ផ្គង់យោធា ដែលបានបញ្ជូនទៅអ៊ុយក្រែនផងដែរ៕