អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ (១៨ មីនា) ថា ការវាយលុករបស់អ៊ីស្រាអែល លើទីក្រុង រ៉ាហ្វា (Rafah) នឹងធ្វើឱ្យការចែកចាយជំនួយនៅហ្កាហ្សា «ត្រូវបំផ្លាញ» ដោយសារតែអង្គការនឹងមិនអាចរៀបចំការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ប្រជាជនដែលរត់ភៀសខ្លួនចេញពីតំបន់នោះអស់ទេ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងហ្សឺណែវ តាមរយៈតំណភ្ជាប់វីដេអូពីទីក្រុងហ្សេរុយសាឡឹម លោក ជេមមី មែកហ្គូលឌ្រីក (Jamie McGoldrick) បាននិយាយថា ស្ថាប័នមនុស្សធម៌របស់អង្គការសហប្រជាជាតិ មិនអាចរៀបចំផែនការប្រតិបត្តិការផ្តល់ជំនួយនៅតំបន់ហ្កាហ្សារបស់ខ្លួនលើសពីរយៈពេលពីរ ឬបីថ្ងៃមុនបានទេ ដោយសារលក្ខខណ្ឌ ដែលលោកបានពិពណ៌នាថាមិនច្បាស់លាស់ និងមិនមានស្ថិរភាព។

លោក មែកហ្គូលឌ្រីក បាននិយាយថា «នោះនឹងក្លាយជាសេណារីយ៉ូដ៏លំបាកមួយសម្រាប់ពួកយើងក្នុងការស្រមៃមើលពីលទ្ធភាពនៃមនុស្សរាប់សែននាក់ ដែលត្រូវបានបង្ខំឱ្យចេញពីក្រុងរ៉ាហ្វា ដោយសារតែការលុកលុយ ហើយប្រឈមនឹងភាពអត់ឃ្លានដោយសារតែការចែកចាយជំនួយត្រូវបំផ្លាញ»។

ដោយប្រឆាំងនឹងការអំពាវនាវរបស់អន្តរជាតិឱ្យបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានសន្យាថានឹងវាយរុញចូលទៅក្នុងទីក្រុង រ៉ាហ្វា នៅចុងភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្រ្ទីប ជាទីដែលមានមនុស្សជាងពាក់កណ្តាលនៃប្រជាជនសរុបចំនួន ២,៣ លាននាក់របស់ហ្កាហ្សា បានរត់ទៅជ្រកកោននៅក្នុងតង់បណ្តោះអាសន្នដើម្បីគេចពីការវាយប្រហាររបស់អ៊ីស្រាអែល នៅចុងភាគខាងជើង៕