នគរបាលក្រុងតូរ៉ុនតូ បាននិយាយកាលពីថ្ងៃចន្ទ (១៨ មីនា) ថា ចំនួនឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងនឹងជនជាតិជ្វីហ្វ និងប្រឆាំងមូស្លីម នៅទីក្រុងតូរ៉ុនតូ (Toronto) របស់ប្រទេសកាណាដា បានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលសង្គ្រាមនៅតំបន់ហ្កាហ្សា ដែលបន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមរបស់ពួកហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា នៅក្នុងប្រទេសអ៊ីស្រាអែល។

ប្រមុខនគរបាល លោក ម៉ាយរ៉ុន ឌែមខីវ (Myron Demkiw) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុង តូរ៉ុនតូ មានការចាប់ខ្លួនចំនួន ៦៩ នាក់ និងការចោទប្រកាន់ចំនួន ១៧៣ ករណីពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មស្អប់ខ្ពើមក្នុងអំឡុងពេលនេះ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក ទីក្រុងតូរ៉ុនតូ បានមើលឃើញឧក្រិដ្ឋកម្មស្អប់ខ្ពើមចំនួន ២០៣ ករណី ដែលកើនឡើងចំនួន ៩៣ ភាគរយធៀបនឹងឆ្នាំមុន។

លោក Demkiw បាននិយាយថា ការហៅទូរស័ព្ទរាយការណ៍ពីឧក្រិដ្ឋកម្មស្អប់ខ្ពើមបានធ្លាក់ចុះនៅក្នុងខែធ្នូ និងខែមករា ប៉ុន្តែបន្ទាប់មកបានកើនឡើងនៅក្នុងខែកុម្ភៈ ចំនួន ៦៧ ភាគរយ ហើយក្នុងចំណោមឧក្រិដ្ឋកម្មស្អប់ខ្ពើមចំនួន ៨៤ ករណីរហូតមកដល់ពេលនេះក្នុងឆ្នាំ ២០២៤ មាន ៥៦ ភាគរយគឺជាការប្រឆាំងជនជាតិជ្វីហ្វ។
ប្រមុខនគរបាលក្រុងតូរ៉ុនតូ រូបនេះបានបន្ថែមថា ប្រភេទលំអៀងខ្ពស់បំផុតទីពីរនៅឆ្នាំនេះ គឺឧក្រិដ្ឋកម្មស្អប់ខ្ពើមដែលផ្តោតលើសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (2SLGBTQI+) បន្ទាប់មកគឺប្រឆាំងជនជាតិស្បែកខ្មៅ និងប្រឆាំងនឹងមូស្លីម អារ៉ាប់ និងប៉ាឡេស្ទីន៕