បាត់ដំបង៖ ភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុក បណ្តាលឲ្យមានជំនន់ទឹកភ្លៀងលិចលង់ផ្ទះ និងខូចខាតនូវសម្ភារៈមួយចំនួនរបស់ប្រជាពលរដ្ឋជាង៤០គ្រួសារ ក្នុងភូមិសាស្ត្រចំណុចភូមិអូរធំ ឃុំភ្នំព្រឹក និងភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ហើយប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធរជម្លៀស ទៅកាន់ទីទួលសុវត្ថិភាពជាបណ្តោះអាសន្ន ។
បើតាមលោក ហុង ឆេត មន្ត្រីគ្រោះមហន្តរាយខេត្តបាត់ដំបង បានឲ្យដឹងថា ជាលទ្ធផលតាមការពិនិត្យជាក់ស្តែង បញ្ហាទឹកជំនន់នេះ បានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងភូមិសាស្រ្តស្រុកភ្នំព្រឹក កាលពីពេលរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ហើយជំនន់ទឹកភ្លៀងនេះ ក៏បានបង្កផលប៉ះពាល់ជាបឋម ទៅដល់ពលរដ្ឋចំនួនប្រមាណ៤០គ្រួសារ ។
លោក បានបន្តថា លុះដល់នៅថ្ងៃទី១៥ ខែកក្កដា ជំនន់ទឹកភ្លៀងនេះ ក៏បានបន្តធ្លាក់រាយប៉ាយផ្នែកខាងក្រោម បង្កឲ្យប៉ះពាល់ដល់ផលដំណាំដាំដុះ ដូចជា ពោត ដំឡូង..។ល។ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវគ្រួសក្រហម ១ខ្សែរក្នុងឃុំបួរ ប្រវែងប្រមាណ២ ៥០០ម៉ែត្រ ក្នុងនោះទឹកបានហូរច្រោះកាត់ដាច់ផ្លូវប្រវែងប្រមាណ ២៥០ម៉ែត្រ និងហូរកាត់ច្រោះបណ្តាលឲ្យខូចលូកាត់ផ្លូវចំនួន ២កន្លែង នៅចំណុចខាងលិចផ្សារបួរ ឃុំបួរ ស្រុកភ្នំព្រឹក ផងដែរ។
លោក ហុង ឆេត បានបញ្ជាក់ថា ជាមួយគ្នានេះផងដែរ បងប្អូនប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរមូលដ្ឋាន បានសំណូមពរដល់មន្ទីរជំនាញ សូមពិនិត្យលទ្ធភាពក្នុងការជួសជុលកែលម្អផ្លូវគ្រួសក្រហមដែលរងផលប៉ះពាល់ និងខូចខាតខាងលើនេះឡើងវិញផង បន្ទាប់ទឹកស្រកចុះ ៕
អត្ថបទ ៖ សុខរិទ្ធ







