វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទថា មធ្យោបាយតែមួយគត់ ដើម្បីការពារទឹកដីរុស្ស៊ីពីការវាយប្រហាររបស់អ៊ុយក្រែន គឺបង្កើតតំបន់ទ្រនាប់ ដែលនឹងធ្វើឲ្យតំបន់រុស្ស៊ីជៀសផុតពីរយៈចម្ងាយនៃការបាញ់ប្រហាររបស់អ៊ុយក្រែន។
វិមានក្រឹមឡាំង កំពុងធ្វើអត្ថាធិប្បាយ បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានលើកឡើងពីលទ្ធភាពនៃការបង្កើតតំបន់បែបនេះ នៅក្នុងសុន្ទរកថាមួយ បន្ទាប់ពីឈ្នះការបោះឆ្នោតឡើងវិញ កាលពីថ្ងៃអាទិត្យ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖«ការពារប្រឆាំងនឹងស្ថានភាពនៃការវាយប្រហារដោយយានដ្រូនរបស់ (អ៊ុយក្រែន) និងការបាញ់ផ្លោងលើទឹកដីរបស់យើងៈ ទ្រព្យសម្បត្តិសាធារណៈ អគារលំនៅដ្ឋាន វិធានការនានា ត្រូវតែចាត់ឡើង ដើម្បីការពារទឹកដីទាំងនេះ។

«ពួកវាទាំងអស់ អាចធានាបាន ដោយការបង្កើតតំបន់ទ្រនាប់ប្រភេទណាមួយ ដើម្បីជាមធ្យោបាយដែលអាចបញ្ចៀសការវាយប្រហារពីចម្ងាយរបស់សត្រូវមកលើយើង»។
បន្ទាប់ពីឈ្នះការបោះឆ្នោតឡើងវិញ លោក ពូទីន បាននិយាយថា លោកមិនច្រានចោលការបង្កើតតំបន់ទ្រនាប់បែបនេះទេ។