ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាលស៍ មីឆែល (Charles Michel) បាននិយាយកាលពីថ្ងៃចន្ទ (១៨ មីនា) ថា អឺរ៉ុបត្រូវតែពង្រឹងសមត្ថភាពការពាររបស់ខ្លួន និងប្តូរទៅជាប្រព័ន្ធ «សេដ្ឋកិច្ចសង្រ្គាម» ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដែលបង្កឡើងដោយប្រទេសរុស្ស៊ី។

នៅក្នុងចារណកថា ដែលត្រូវបានចេញផ្សាយនៅក្នុងសារព័ត៌មានអឺរ៉ុប និងគេហទំព័រ អឺអែកធីវ (Euractiv) លោក មីឆែល ដែលនឹងធ្វើជាប្រធានកិច្ចប្រជុំនៃមេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះដើម្បីពិភាក្សាអំពីការគាំទ្រសម្រាប់អ៊ុយក្រែន បាននិយាយថា អឺរ៉ុបចាំបាច់ត្រូវទទួលខុសត្រូវចំពោះសន្តិសុខផ្ទាល់ខ្លួន និងមិនត្រូវពឹងផ្អែកខ្លាំងលើការគាំទ្ររបស់ប្រទេសផ្សេង ដូចជាសហរដ្ឋអាមេរិក ឡើយ។

លោក មីឆែល បាននិយាយថា ខណៈពេលដែលអឺរ៉ុប បានបោះជំហានទៅមុខចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គូ ក្នុងខែកុម្ភៈ ឆ្នាំ២០២២ លើអ៊ុយក្រែន រួមទាំងការបង្កើនសមត្ថភាពផលិតយោធា ៥០ ភាគរយ អឺរ៉ុបត្រូវការធ្វើច្រើនជាងនេះបន្ថែមទៀត។ អស់ពេលជាច្រើនទសវត្សរ៍មកហើយ អឺរ៉ុបមិនបានវិនិយោគគ្រប់គ្រាន់នៅក្នុងសន្តិសុខ និងការការពាររបស់ខ្លួនទេ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបរូបនេះបានជំរុញឱ្យបណ្តាប្រទេសនានាជួយសម្រួលដល់ការវិនិយោគក្នុងវិស័យការពារជាតិ រួមទាំងការពិចារណាផ្លាស់ប្តូរអាណត្តិរបស់សហភាពអឺរ៉ុបក្នុងការផ្ដល់អាវុធ និងធនាគារវិនិយោគអឺរ៉ុប ដើម្បីអនុញ្ញាតឱ្យការផ្លាស់ប្ដូរទាំងនោះជួយដល់ឧស្សាហកម្មការពារជាតិរបស់អឺរ៉ុប៕