ទូរទស្សន៍រដ្ឋ KRT រាយការណ៍នៅថ្ងៃអង្គារ ទី១៩ ខែមីនា នេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានពិនិត្យមើលសមយុទ្ធបាញ់គ្រាប់ពិតធ្វើឡើងដោយអង្គភាពកាំភ្លើងធំ នៅក្នុងតំបន់ភាគខាងលិច ដោយប្រើប្រាស់ជើងទម្របាញ់គ្រាប់រ៉ុក្កែតពហុជំនាញ ខ្នាតធំ។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA ក៏បានបញ្ចេញរូបភាព របស់លោក Kim កំពុងពិនិត្យមើលសមយុទ្ធ និងបាននិយាយថា សមយុទ្ធត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ ហើយមានគោលបំណងសាកល្បង សមត្ថភាពសង្រ្គាមពិតប្រាកដ នៃជើងទម្របាញ់គ្រាប់រ៉ុក្កែតពហុជំនាញ ៦០០ មីល្លីម៉ែត្រ និងធ្វើអោយប្រសើរឡើងនូវទឹកចិត្តប្រយុទ្ធរបស់ប្រតិបត្តិករ និងឥរិយាបថត្រៀមខ្លួន។

របាយការណ៍នៃសមយុទ្ធនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានរាយការណ៍ពីការបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយជិតជាច្រើនគ្រាប់ របស់ប្រទេសកូរ៉េខាងជើង ចូលទៅក្នុងសមុទ្រ ជាការសាកល្បងមីស៊ីលលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលប្រហែលពីរខែកន្លងទៅនេះ។
លោក Kim បានអំពាវនាវឱ្យធ្វើទំនើបកម្ម និងពង្រីកកងកម្លាំងកាំភ្លើងធំ ដោយបញ្ជាក់ពី ភារកិច្ចយុទ្ធសាស្ត្រនៃជើងទម្របាញ់គ្រាប់រ៉ុក្កែត ជាមធ្យោបាយវាយប្រហារដ៏សំខាន់ ក្នុងការត្រៀមសង្រ្គាម។
ទីក្រុងព្យុងយ៉ាង បានបំពានគោលនយោបាយអន្តរកូរ៉េជាច្រើនទសវត្សរ៍មកហើយរបស់ខ្លួន ដោយបានលុបចោលកិច្ចព្រមព្រៀងយោធា និងបានប្រកាសថាប្រទេសកូរ៉េខាងត្បូងជារដ្ឋសត្រូវ។