ក្រសួងសុខាភិបាល បានរៀបចំឱ្យមានក្រុមការងារឆ្លើយតបបន្ទាន់ និងទប់ស្កាត់នឹងជំងឺឆ្លង ដូចជាជំងឺផ្តាសាយបក្សី (H5N1) ជំងឺអុតស្វា (Mpox) និងជំងឺរាតត្បាតដោយការពុលផ្សេងៗទៀត តាមរយៈប្រព័ន្ធឆ្លើយតបបន្ទាន់ទាន់ពេលវេលា និងមាននៅទូទាំងរាជធានី-ខេត្ត។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីសន្និបាតសុខាភិបាលលើកទី៤៣ កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បន្តថា ជាការពិតប្រព័ន្ធរបាយការណ៍រហ័សទាន់ពេលវេលា នៅតែដំណើរការជាបន្តបន្ទាប់ ប្រព័ន្ធទទួលទូរស័ព្ទក្នុងកិច្ចការបន្ទាន់ ក្រសួងសុខាភិបាលបានរៀបចំដំណើរការ។ ដូច្នេះកន្លងមកជាលទ្ធផលជំងឺផ្តាសាយបក្សី (H5N1)កី្ត ជំងឺអុតស្វា (Mpox)ក្តី ក៏ដូចជាការពុលចំណីអាហារផ្សេងៗ ព័ត៌មាននេះត្រូវបានបញ្ជូនមកក្រសួងសុខាភិបាលបន្ទាន់ ហើយក្រុមការងារដែលមានតាមបណ្តារាជធានី-ខេត្ត ក៏បានធ្វើសកម្មភាពគួបផ្សំជាមួយនឹងក្រុមជំនាញពីថ្នាក់កណ្តាលបានចុះទៅទាន់ពេលវេលាទាំងថ្ងៃទាំងយប់។
សូមបញ្ជាក់ថា ការបង្ការ និងគ្រប់គ្រងជំងឺឆ្លងដែលលេចឡើង និងលេចឡើងសារជាថ្មី ក្នុងឆ្នាំ២០២៣នៅកម្ពុជា គឺបានរកឃើញ ជំងឺផ្តាសាយបក្សីវិជ្ជមាននៅកម្ពុជាចំនួន ៦ ករណីលើមនុស្ស ក្នុងនោះមាន ស្រី ៤ករណី ហើយជំងឺអុតស្វារកឃើញចំនួន ២ ករណីមនុស្ស (ប្រុស២ករណី) និងជំងឺហ្ស៊ីកាចំនួន ១ ករណីមនុស្ស (ស្រី១ករណី)។
ក្រោយរកឃើញជំងឺទាំងនេះ ក្រសួងសុខាភិបាលបានធ្វើការអន្តរាគមន៍ចាំបាច់មួយចំនួនត្រូវបានអនុវត្តដើម្បីទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាតត្បាតរួមមាន ផ្សព្វផ្សាយសារទាក់ទងហានិភ័យ នៃជំងឺអុតស្វា ដល់ក្រុមគោលដៅ ជាពិសេសបុរសរួមភេទជាមួយបុរស។ ការបោះពុម្ព និងចែកចាយសម្ភារៈអប់រំបង្ការការឆ្លងជំងឺដល់សហគមន៍គោលដៅ ព្រមទាំងចេញសេចក្តីជូនដំណឹងតាមបណ្តាញសង្គម ទូរទស្សន៍ និងវិទ្យុ និងការចុះអប់រំផ្ទាល់ផងដែរ៕ អត្ថបទ៖ រដ្ឋា
