ការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ីអាចនឹងបញ្ចប់ ប៉ុន្តែបាតុកម្មប្រឆាំងនឹងលទ្ធផលក្រៅផ្លូវការនៅតែបន្ត។
នគរបាលត្រូវបានដាក់ពង្រាយនៅមុខគណៈកម្មការរៀបចំការបោះឆ្នោតសកលរបស់ប្រទេសឥណ្ឌូនេស៊ី (KPU) ដើម្បីធានាថាការតវ៉ាបែបនេះមិនក្លាយជាហិង្សាទេ។

ក្រុមអ្នកតវ៉ាកំពុងទាមទារឱ្យអាជ្ញាធររៀបចំការបោះឆ្នោតបញ្ឈប់មេដឹកនាំជួរមុខត្រៀមក្លាយជាប្រធានាធិបតីឥណ្ឌូនេស៊ី និងជាអតីតរដ្ឋមន្ត្រីការពារជាតិ លោក Prabowo Subianto ពីការឡើងកាន់តំណែងជាប្រធានាធិបតីបន្ទាប់របស់ប្រទេសនេះ។ ពួកគេក៏កំពុងអះអាងផងដែរថាមានការលួចបន្លំការបោះឆ្នោតនេះ។

ទោះបីកម្ដៅផ្នែកនយោបាយកំពុងកើនឡើងខ្លាំងក៏ដោយ នគរបាលនៅតែអាចគ្រប់គ្រងការធ្វើបាតុកម្មបាន។
KPU ត្រូវបានគេរំពឹងថានឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតប្រធានាធិបតីកាលពីខែមុននៅថ្ងៃពុធ ២០ មីនាស្អែកនេះ ។

ការរាប់សន្លឹកឆ្នោតរហ័សដែលធ្វើឡើងដោយក្រុមស្ទង់មតិឯករាជ្យ និងក្រុមអ្នកស្រាវជ្រាវ បានបង្ហាញថា លោក Prabowo ដែលជាអតីតយុទ្ធជនយោធាដ៏ចម្រូងចម្រាស បាននាំមុខលើគូប្រជែងរបស់លោកគឺអតីតអភិបាលក្រុង ហ្សាកាតា លោក អាបានី បាស្វេដាន (Anies Baswedan) និងអតីតអភិបាលខេត្ត ជ្វាកណ្ដាល (Central Java) លោកកាន់ចា ប្រាណូវ៉ូ( Ganjar Pranowo) ។
លទ្ធផលក្រៅផ្លូវការបង្ហាញថា លោក Prabowo ទទួលបានសំឡេងឆ្នោតប្រហែល ៥៨ ភាគរយក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៤ ។ លោក Anies ទទួលបានសំឡេងគាំទ្រប្រហែល ២៥ ភាគរយ ចំណែកលោក Ganjar Pranowo ទទួលបានសំឡេងគាំទ្រប្រហែល១៧ភាគរយ។
ប្រធានាធិបតីកំពុងកាន់អំណាចនៅឡើយ លោក Joko Widodo ក៏ត្រូវបានចោទប្រកាន់ដែរពីបទជ្រៀតជ្រែកការបោះឆ្នោត និងបង្ហាញការពេញចិត្តចំពោះលោក Prabowo និងមិត្តរួមតំណែង ត្រូវជាកូនប្រុសច្បងរបស់លោក Jokowi គឺលោកជីប្រានរ៉ាកាប៊ូមីង រ៉ាកា (Gibran Rakabuming Raka)៕