លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រ(Paetongtarn Shinawatra) ដែលជាកូនស្រីរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្រ្តីថៃ និងជាប្រធានគណបក្សភឿថៃ បានសរសេរនៅលើក្រាំងមាស ក្នុងវិមានឈ្នះ ឈ្នះថា «ប្រវត្តិសាស្រ្តបានបង្រៀនយើងថា សន្តិភាពនាំមកនូវសន្តិសុខ និងភាពរុងរឿងជូនទៅដល់ប្រជាជន»។

សំណេររបស់លោកស្រីផេថងថាន ស៊ីណាវ៉ាត្រនេះ គឺបានធ្វើឡើងនៅក្នុងដំណើរទស្សនា វិមាន ឈ្នះ ឈ្នះ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ ខណៈដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តនេះ ត្រូវបានទទួលស្វាគមន៍ដោយឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ផងដែរ។
ក្នុងគោលបំណងដែលលោកស្រីចំណាយពេលប្រហែលមួយម៉ោង ទស្សនានៅវិមានឈ្នះ ឈ្នះនេះ គឺដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើប្រវត្តិសាស្ត្រថ្មីៗរបស់កម្ពុជា ជាពិសេសលើនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននាំឲ្យប្រទេសកម្ពុជាបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងរបស់ខ្លួនចាប់តាំងពីថ្ងៃទី២៩ ខែធ្នូឆ្នាំ១៩៩៨មករហូតដល់សព្វថ្ងៃនេះ៕ អត្ថបទ៖ បាន ចក់





