យោងតាមរបាយការណ៍ថ្មីបានឱ្យដឹងថា ទីក្រុងមួយក្នុងចំណោមទីក្រុងចំនួន ១០០ ដែលមានការបំពុលខ្យល់អាក្រក់បំផុតរបស់ពិភពលោកកាលពីឆ្នាំមុន គឺនៅក្នុងទ្វីបអាស៊ី ដោយវិបត្តិអាកាសធាតុមានតួនាទីយ៉ាងសំខាន់ចំពោះគុណភាពខ្យល់មិនល្អ ដែលបង្កហានិភ័យដល់សុខភាពមនុស្សរាប់ពាន់លាននាក់នៅទូទាំងពិភពលោក។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន IQAir ដែលតាមដានគុណភាពខ្យល់នៅទូទាំងពិភពលោក បានឲ្យដឹងថា ភាគច្រើននៃទីក្រុងទាំងនេះ មាន៨៣ទីក្រុង ស្ថិតនៅក្នុងប្រទេសឥណ្ឌា ហើយទាំងអស់នេះ លើសពីគោលការណ៍ណែនាំគុណភាពខ្យល់របស់អង្គការសុខភាពពិភពលោក ច្រើនជាង ១០ ដង។

ការសិក្សា បានពិនិត្យជាពិសេសទៅលើបញ្ហាភាគល្អិត ឬ PM2,5 ដែលជាសារធាតុបំពុលតិចតួចបំផុត ប៉ុន្តែក៏មានគ្រោះថ្នាក់បំផុតផងដែរ។ មានតែ ៩ភាគរយ នៃទីក្រុងជាង ៧.៨០០ទីក្រុងប៉ុណ្ណោះ ត្រូវបានវិភាគគុណភាពខ្យល់ដែលបានកត់ត្រាជាសកលបំពេញបានតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក(WHO) ថាកម្រិតជាមធ្យមប្រចាំឆ្នាំនៃភាគល្អិត PM2,5 មិនលើសពី ៥ មីក្រូក្រាម ក្នុងមួយម៉ែត្រគូប។

នាយកប្រតិបត្តិក្រុមហ៊ុន IQAir Global លោក Frank Hammes និយាយថា យើងមើលឃើញថា នៅគ្រប់ផ្នែកនៃជីវិតរបស់យើង កង្វក់ខ្យល់មានផលប៉ះពាល់។ ហើយជាធម្មតា នៅក្នុងប្រទេសដែលមានកង្វល់ខ្យល់ខ្លាំងបំផុត ទំនងជាត្រូវកាត់បន្ថយជីវិតរបស់មនុស្សនៅកន្លែងណាមួយចន្លោះពី ៣ ទៅ ៦ ឆ្នាំ។
នៅពេលស្រូបចូលភាគល្អិត PM2,5 ចូលជ្រៅទៅក្នុងជាលិកាសួត នោះវាអាចចូលទៅក្នុងចរន្តឈាម។ វាកើតចេញពីប្រភពនានា ដូចជាចំហេះឥន្ធនៈហ្វូស៊ីល ព្យុះធូលី និងចំហេះព្រៃ ហើយត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺហឺត ជំងឺបេះដូង សួត ជំងឺមហារីក និងជំងឺផ្លូវដង្ហើមផ្សេងទៀត ព្រមទាំងការចុះខ្សោយនៃចំណេះដឹងចំពោះកុមារ។